Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៧)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៧)

២.៩ ជីកំប៉ុស្ត

ក. ជីកំប៉ុស្ត និងសារៈសំខាន់របស់វា

ជីកំប៉ុស្ត គឺជាជី ដែលផ្តុំឡើងដោយសារធាតុសរីរាង្គផ្សេងៗ ហើយទុកឲ្យបំបែកធាតុ (ពុក) ក្នុងរយៈពេលកំណត់មួយសិន មុននឹងយកមកប្រើ។

គោលបំណងសំខាន់នៃការធ្វើជីកំប៉ុស្ត គឺផលិតនូវជាតិមមោក ដែលជាសារធាតុសំខាន់សម្រាប់ ដី ដោយវាសម្បូរទៅដោយសត្វល្អិតដែលផ្តល់ជីវិតដល់ដី សម្បូរសារធាតុចិញ្ចឹមជីវិត និងអាច ជួយឲ្យដីមានសមត្ថភាពស្រូបយកទឹក និងជីបានច្រើន។

ខ. របៀបធ្វើជីកំប៉ុស្ត

ធនធានសម្រាប់ធ្វើជីកំប៉ុស្ត មាន៖

 • ធាតុស្ងួត ឬធាតុដែលសម្បូរកាបោន ដូចជា៖ ចំបើង ស្មៅស្ងួត ស្លឹកឈើ អាចម៍រណារ
 • ធាតុសើម ឬពពួកសម្បូរជាតិអាសូត ដូចជា៖ ស្លឹកឈើស្រស់ (ស្លឹកពពួកដំណាំកួរ ឬ ពពួកសណ្តែក) អាចម៍សត្វ កាកសំណល់ផ្ទះបាយ
 • ដី អាចជាដីស្រទាប់លើ ឬដីដំបូក ឬជីកំប៉ុស្តចាស់

នៅពេលធ្វើជីកំប៉ុស្ត គេអាចលាយធាតុទាំង៣នេះ បាន២របៀប៖

 1. រៀបវាជាស្រទាប់ៗ
 2. លាយចូលគ្នាទាំងអស់តែម្តង

ជាទូទៅការរៀបស្រទាប់ មានលក្ខណៈប្រសើរជាងការលាយចូលគ្នាទាំងអស់។ ការរៀបជា ស្រទាប់ៗវាមិនទាមទារឲ្យយើងត្រឡប់ទេ (ការត្រឡប់មិនចាំបាច់ទេ) ហើយក៏វា មានភាពងាយ ស្រួលក្នុងការរក្សាតុល្យភាពរវាងធាតុស្ងួត ធាតុសើម និងដី។

ចំពោះការរៀបជាស្រទាប់ៗ គេអនុវត្តដូចខាងក្រោមនេះ៖

 1. ស្រទាប់ទី១៖ ធាតុស្ងួត (៣ដង)
 2. ស្រទាប់ទី២៖ ធាតុសើម (២ដង)
 3. ស្រទាប់ទី៣៖ ដី (១ទៅកន្លះដង)

ការរៀបជាស្រទាប់ របៀបនេះរហូតដល់ទ្រុងជី ឬរណ្តៅជីពេញ។

បរិមាណសារធាតុសំខាន់ៗទាំង៣ នៅពេលលាយចូលគ្នាធ្វើជាកំប៉ុស្ត

គ. របៀបប្រើប្រាស់ជីកំប៉ុស្ត

ជីកំប៉ុស្ត ដែលយើងយកទៅប្រើត្រូវធានាថាវាបានពុក ឬកាច់អស់គ្មានកម្តៅ។ ប្រសិនបើវាមិន ទាន់កាច់អស់ទេ នៅពេលយកវាទៅប្រើ វានឹងបញ្ចេញកម្តៅអាចប៉ះពាល់ដល់ឬសដំណាំ (ធ្វើឲ្យ ដំណាំរលួយ)។

គេអាចយកជីកំប៉ុស្តប្រើបានច្រើនរបៀប ដូចជា៖

 1. ការប្រើទ្រាប់បាត មុនពេលដាំដំណាំ ដោយយកជីទៅលាយបញ្ចូលក្នុងដី ដែលត្រូវដាំ
 2. យកជី ទៅរោយជុំវិញគល់ដំណាំ ឬរងដំណាំនៅពេលវាកំពុងលូតលាស់
 3. យកជីទៅលាយជាមួយដី សម្រាប់ច្រកថង់បណ្តុះកូនឈើ (ប្រើជី ៣ភាគ លាយជាមួយដី ៧ភាគ)
 4. គេអាចយកវាទៅលាយជាមួយទឹក ហើយស្រោចលើដំណាំ ដែលមានលក្ខណៈដូចគ្នា និងជីកំប៉ុស្តទឹកដែរ ជាពិសេសស្រោចដើម្បីបំប៉នកូនដំណាំ និងមុនពេលដំណាំជិតចេញ ផ្កា។ គេអាចប្រើជី ១គីឡូក្រាម លាយ ជាមួយទឹក ៨ ទៅ១០លីត្រ។
 5. គេអាចប្រើវាដាក់ក្នុងស្រះចិញ្ចឹមត្រី ដើម្បីបង្កើនការលូតលាស់នៃរុក្ខជាតិ នៅក្នុងទឹក ដែលជាចំណីត្រី ឬផ្តល់ជាចំណីត្រីផ្ទាល់តែម្តង។

ឃ. ចំណុចដែលត្រូវចងចាំបន្ថែមនៅពេលធ្វើ និងប្រើជីកំប៉ុស្ត

សរុបមក ដើម្បីផលិតឲ្យបានជីកំប៉ុស្ត ដែលមានតុល្យភាពល្អ ត្រូវចងចាំនូវចំណុចណែនាំបន្ថែម មួយចំនួនដូចខាងក្រោម៖

 • ត្រូវប្រើសារធាតុសរីរាង្គ ឲ្យបានច្រើនប្រភេទសម្រាប់ធ្វើជីកំប៉ុស្ត
 • ត្រូវរក្សាឲ្យមានតុល្យភាពរវាងធាតុស្ងួត និងធាតុសើម ជៀសវាងកុំឲ្យធាតុស្ងួតច្រើនពេក ឬសើមពេក
 • គំនរជីកំប៉ុស្តត្រូវធានាឲ្យមានខ្យល់ចេញចូល ពីព្រោះវាបង្កឲ្យមានសត្វតូចៗ មានប្រយោជន៍ច្រើន ដែលមានតួនាទីសំខាន់ជួយឲ្យដីមានជីជាតិល្អ និងដំណាំលូតលាស់បានល្អ។ ដើម្បីជួយឲ្យមានខ្យល់ចេញចូលបានល្អ គេត្រូវឧស្សាហ៍ត្រឡប់ដី។ ម្យ៉ាងវិញទៀត គេអាចដាក់បំពង់ឬស្សី ដែលមានប្រហោង ដោតនៅកណ្តាលគំនរជី ដើម្បីនាំខ្យល់ចូល។ គេត្រូវជៀសវាងធ្វើជីក្នុងរណ្តៅ ដែលមានទឹកដក់ជាប់។
 • ចំពោះនៅរដូវរាំងស្ងួត ហើយធាតុផ្សំរបស់ជីសម្បូរទៅដោយសារធាតុស្ងួត យើងគួរ ឧស្សាហ៍ស្រោចទឹកបន្ថែមលើជី។
 • រណ្តៅ ឬគំនរជីកំប៉ុស្តត្រូវគ្របឲ្យបានល្អ ដើម្បីការពារកុំឲ្យសារធាតុចិញ្ចឹមហើរចេញ និង ការពារជីយើងនូវឥទ្ធិពលពន្លឺថ្ងៃខ្លាំងពេក ក៏ដូចជាទឹកភ្លៀងច្រើនពេក។
 • ជីកំប៉ុស្តដែលរួចរាល់ហើយសម្រាប់ប្រើ មានគុណភាពល្អ គឺ មិនមានក្លិនស្អុយ (មានក្លិនល្អ) មិនក្តៅ រលួយចូលគ្នាអស់ (ដោយមិនអាចឲ្យយើងស្គាល់បានថា តើធាតុណាជាធាតុអ្វី?)

«ប្រើជីកំប៉ុស្ត ទើបដីវាផុស ដំណាំលូតលាស់បានផលច្រើន»

បណ្ឌិត យ៉ង សាំងកុមារ  និងពាន សុខា

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។