Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៦)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៦)

៣-បទពិសោធន៍ផលិតថ្នាំផ្សំពីរុក្ខជាតិរបស់កសិករ សន សុង

ពូ សន សុង​ រស់នៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល គាត់បានធ្វើថ្នាំផ្សំពីរុក្ខជាតិបានជោគ ជ័យ ប្រើលើស្ពៃ កាលពីចុងឆ្នាំ២០០០។​ ចំពោះលទ្ធផល និងរបៀបធ្វើថ្នាំមានដូចខាងក្រោម៖

រុក្ខជាតិសំរាប់ផ្សំ.  សំបក និងគ្រាប់ស្លែង​​ ៥​​គ.ក្រ, វល្លិបណ្តូលពេជ្រ ១ គ.ក្រ កន្ទ្រោបខ្មោច​៣​ គ.ក្រ និងទឹកនោម ៥លីត្រ។​ ធាតុផ្សំទាំងនេះ ត្រូវកាប់ចិញ្ច្រាំ​​ ហើយត្រាំលាយជាមួយទឹកធម្មតា ១៣លីត្រ ដោយទុករយៈពេល ១៥ថ្ងៃ​ទើបគាត់យកទៅប្រើ។​នៅពេលប្រើ គាត់លាយទឹកថ្នាំចំនួន ២លីត្រជាមួយទឹកធម្មតាចំនួន ១០លីត្រ​ ដើម្បីបាញ់ទៅលើដំណាំ។ តាមការសង្កេតរបស់គាត់លើប្រសិទ្ធភាពពេលគាត់បាញ់ហើយមិនឃើញសត្វល្អិតនៅក្នុងសួនទេ។ រយៈពេល ៣ ទៅ​​ ៥​ថ្ងៃ បន្ទាប់ពីបាញ់ទើបគាត់ឃើញសត្វល្អិតចូលខ្លះ។​ ការប្រើថ្នាំនេះ គាត់ឃើញដំណាំរបស់គាត់ល្អ ស្លឹកក្រាស់​ និងមានកំលាំង។​  គាត់យល់ថា​ ថ្នាំនេះអាចជួយកាត់បន្ថយការប្រើថ្នាំពុលគីមីទាំងស្រុង ជាពិសេស ចំពោះដំណាំបន្លែ។

៤​-បទពិសោធន៍ផលិតថ្នាំពុលផ្សំពីរុក្ខជាតិរបស់កសិករ សែត​​ សុផល

បងប្រុស​ សែត​ សុផល​​ មានអាយុ​​ ៣៥ឆ្នាំ​​ ជាកសិកររស់នៅភូមិព្រៃធាតុ​ ឃុំលាយបូរ​ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រកបរបរធ្វើស្រែ និងដាំដំណាំ។ ជារឿយៗគាត់តែងជួបប្រទះសត្វបំផ្លាញលើស្រូវមានដូចជា ដង្កូវស៊ីស្លឹក (សំណាបខ្ចី) ស្រឹង ក្រាភ្លើង ហើយសត្វបំផ្លាញលើដំណាំបន្លែមានដូចជា ដង្កូវរយ ដង្កូវយោលទោង​​​ ចៃឆ្កែ។ល។ ដើម្បីការពារសត្វទាំងនេះ គាត់បានផ្សំថ្នាំពុលពីរុក្ខជាតិសំរាប់ប្រើប្រាស់។

ចំពោះធាតុផ្សំ​និងវិធីផ្សំបង្ហាញជូនដូចខាងក្រោម៖

ក.ធាតុផ្សំ

  • ថ្នាំខ្លាំងចំនួន កន្លះខាំ
  • សំបកស្តៅចំនួន ១ គីឡូក្រាម
  • វល្លិបណ្តូលពេជ្រចំនួន ១​គីឡូក្រាម
  • សំបកស្លែងចំនួន ១គីឡូក្រាម
  • ផ្លែស្លាក់ចំនួន ២ខាំ
  • លាមកមាន់ចំនួន​ កន្លះគីឡូក្រាម
  • ទឹកនោមមនុស្ស ចាក់រាល់ថ្ងៃ (ប្រហែល ២លីត្រ)
  • ទឹកចំនួន ៥​លីត្រ

ខ. សំភារៈសំរាប់ប្រើ

  • ពាងចំណុះ ២០លីត្រ
  • គំរបពាងមួយ
  • ក្នូរ ១ (សំរាប់កូរ)។

គ. របៀបផ្សំ

មុនដំបូងចាក់ទឹកចូលក្នុងពាង បន្ទាប់មកទើបចិញ្ច្រាំសំបកឈើ វល្លិ ផ្លែស្លែងឱ្យម៉ដ្ឋ ចាក់ចូលក្នុងពាង និងចាក់លាមកមាន់ចូលក្នុងពាង ចំណែកទឹកនោមចាក់ចូលរាល់ថ្ងៃ។ ពាងត្រូវបានគ្របគំរបឱ្យជិត ដាក់ក្រោមគុម្ពចេក ហើយមួយថ្ងៃកូរម្តង​ដើម្បីឱ្យខ្យល់ចេញចូលបានល្អ។

ក្រោយពីត្រាំទុកអស់រយៈពេលកន្លះខែមក គាត់សង្កេតឃើញថា ទឹកឡើងខៀវលឿងថ្លា ហើយលែងមានក្លិនស្អុយដែល​បញ្ចាក់ថា ទឹកថ្នាំកាច់បានល្អ ហើយអាចយកទៅប្រើប្រាស់ស្រោចលើដំណាំបានហើយ។

ឃ. របៀបប្រើ

ទឹកថ្នាំនេះ គាត់យកមកប្រើលើដំណាំបន្លែរបស់គាត់​ ដើម្បីការពារសត្វបំផ្លាញដូចជា កណ្តាំ​ ដង្កូវ ចៃឆ្កែ នៅពេលដំណាំចាប់ឫស ហើយ​៤​ថ្ងៃ​​​ស្រោចម្តងដើម្បីការពារសត្វបំផ្លាញ។ ការស្រោចធ្វើនៅរសៀលម៉ោង ​២​ ទៅម៉ោង ៣​ក្នុងបរិមាណទឹកថ្នាំ​ ១កូនពែងតែ លាយជាមួយទឹក ១០លីត្រ។ ​ចំពោះដំណាំធំ (អាយុប្រហែល ២៥ថ្ងៃ ក្រោយពីដាំ)​​ ស្រោចក្នុងបរិមាណទឹកថ្នាំពាក់កណ្តាលកន្លះលីត្រ លាយជាមួយទឹក ១០លីត្រ។ គាត់បញ្ឈប់ការស្រោចថ្នាំមុនពេលប្រមូលផល ១សប្តាហ៍។

ង.​ ចំណាប់អារម្មណ៍

ក្រោយពីបានប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិនេះមក គាត់មានចំណាប់អារម្មណ៍ថា សត្វល្អិតដែលធ្លាប់បំផ្លាញលើដំណាំបន្លែលែងសូវមាន​ ហើយមិនតែប៉ុណ្ណោះដំណាំដុះលូតលាស់ល្អជាងមុន ស្ទុះលឿន ដើមដងថ្លោស រឹងមាំ ផ្ទៃស្លឹករីកធំ និងមានពណ៌បៃតងខ្ចីដែលខុសពីមុន​ (មុនពេលប្រើថ្នាំផ្សំពីរុក្ខជាតិ) កូនដំណាំមានសភាពស្គម លូតលាស់យឺត ផ្ទៃស្លឹកតូច ស្លឹកពណ៌លឿងព្រឿងៗ។ ទៅថ្ងៃមុខ​ លោកពូខំប្រឹងស្រាវជ្រាវរករុក្ខជាតិពុល ដែលអាចប្រើធ្វើជាថ្នាំសំលាប់សត្វល្អិតបានមកប្រើប្រាស់បន្ថែមទៀត។​ហើយគាត់នឹងយកបទពិសោធន៍នេះទៅផ្សព្វផ្សាយដល់អ្នកភូមិជិតខាងទៀត។

បញ្ជាក់ៈ យកល្អសូមបងប្អូនកសិករ​​​ កុំប្រើថ្នាំជក់ ព្រោះវាអាចពុលខ្លាំងដល់មនុស្សដែលប្រើ។

៥-បទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិរបស់កសិករ តែ តេក

លោកពូ​ តែ តេក  មានអាយុ ៥២ឆ្នាំ រស់នៅភូមិជីនាង​​ ឃុំតាំងក្រសាំង​ ស្រុកបាឆាយ​​​ ខេត្តកំពង់ចាម​។ គាត់មានបទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិសំលាប់សត្វល្អិតលើដំណាំបន្លែ​​ប្រកបដោយជោគជ័យ។​ចំពោះធាតុផ្សំ វិធីផ្សំ និងលទ្ធផលបង្ហាញជូនដូចខាងក្រោម៖

ក.​ ធាតុផ្សំ

ធាតុផ្សំដែលគាត់បានជ្រើសរើសយកធ្វើថ្នាំសំលាប់សត្វល្អិតមាន ក្លិនឆួល ល្វីង​​ ក្រពុល និង     ពុល។ ធាតុផ្សំទាំងនោះមាន៖

  • ស្លែង ១០គីឡូក្រាម
  • សំបកស្តៅ ៣គីឡូក្រាម
  • ស្លឹកគ្រៃ ១គីឡូក្រាម
  • វល្លិបណ្តូលពេជ្រ កន្លះគីឡូក្រាម
  • ដើមជន្លាត់ដៃ ៥គីឡូក្រាម
  • វល្លិកំបោរ​ ៥គីឡូក្រាម
  • ក្បាលត្រី ៥គីឡូក្រាម
  • ម្រះព្រៅ កន្លះគីឡូក្រាម
  • ទឹកនោមគោ ឬមនុស្ស ៥លីត្រ
  • សំបកដើមកន្ទួត ១គីឡូក្រាម
  • សំបកទៀបបាយ កន្លះគីឡូក្រាម
  • សំបកក្រូចខ្វិច ៣គីឡូក្រាម
  • ម្ទេសទុំ កន្លះគីឡូក្រាម
  • ទឹក ៦០​​លីត្រ។

ខ. របៀបធ្វើ

ក្រោយពីរៀបចំធាតុផ្សំបានគ្រប់មុខហើយ គាត់ចាប់ផ្តើមយកធាតុផ្សំទាំងអស់នោះ ដាក់បញ្ចូលនៅក្នុងពាងចាក់ទឹកបន្ថែម​ ៦០លីត្ររួចគ្របអោយជិត។​​ ក្នុងរយៈពេលពី ៥-១០​ថ្ងៃ​ បើកគំរបពាងដើម្បីកូរទឹកថ្នាំនេះម្តង ដោយធ្វើជាទៀងទាត់​​​រហូតដល់ថ្នាំនេះកាច់អស់។ ក្រោយពីត្រាំទុកអស់រយៈពេល ៣ខែកន្លងមក គាត់សង្កេតឃើញថា ទឹកថ្នាំឡើងល្អក់ ពណ៌ប្រផេះលែងសូវមានក្លិនស្អុយ​នោះបញ្ជាក់ឱ្យឃើញថា ទឹកថ្នាំកាច់អាចយកទៅប្រើស្រោចលើដំណាំបាន។ ទឹកថ្នាំនេះអាចរក្សាទុកបានរយៈពេលពី ៣-៤ខែ។

គ. របៀបប្រើ

ចំពោះបរិមាណទឹកថ្នាំដែលប្រើ ១លីត្រលាយទឹកធម្មតា ១០លីត្រ រួចយកទៅស្រោច​លើដំណាំបន្លែ​​ ការស្រោចធ្វើនៅពេលល្ងាចត្រជាក់។ ប៉ុន្តែប្រសិនជាមានក្រាខ្លាំងលើដំណាំ គាត់លាយសាប៊ូម្សៅបន្ថែម ដើម្បីបង្កើននូវប្រសិទ្ធភាពថ្នាំនេះឱ្យខ្លាំង។

ក្រោយពីស្រោចលើដំណាំបានរយៈពេល ២-៣ដងមក គាត់សង្កេតឃើញថាសត្វល្អិតច្រើនប្រភេទដែលមានទៅលើដំណាំបន្លែស្ទើរតែគ្មាន ហើយការបំផ្លាញក៏គ្មានដែរ។ មិនត្រឹមតែបណ្តេញនិងកំចាត់សត្វល្អិតទេ ការលូតលាស់របស់ដំណាំ ក៏ខុសប្លែកដែរដូចជា ដំណាំលូតលាស់ល្អ​ប្រែពីពណ៌លឿងទៅជាពណ៌បៃតងខ្ចី ស្លឹកដើមដងធំ និងរឹងមាំទៀត។

ឃ. ចំណាប់អារម្មណ៍របស់កសិករ

តាមរយៈការសាកល្បងនេះ ធ្វើឱ្យគាត់ឃើញថា​ ថ្នាំផ្សំពីរុក្ខជាតិ​ក៏មានប្រសិទ្ធភាពដូចជាថ្នាំពុលគីមីដែរ ហើយម្យ៉ាងទៀតមិនចំណាយថវិកាច្រើនដូចថ្នាំពុលគីមី និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើ និងអ្នកបរិភោគផង។ ​ទៅថ្ងៃអនាគត គាត់លែងប្រើថ្នាំពុលគីមី ងាកមកប្រើថ្នាំផ្សំពីរុក្ខជាតិវិញម្តង។ គាត់នឹងខំផ្សព្វផ្សាយដល់អ្នកភូមិជិតខាងឱ្យបានយល់ពីសារៈប្រយោជន៍នៃថ្នាំ ផ្សំពីរុក្ខជាតិនេះ។ ហើយស្រាវ​ជ្រាវរករុក្ខជាតិដែលអាចធ្វើជាថ្នាំសំលាប់សត្វល្អិតមកប្រើប្រាស់ជំនួសវិញ។

កំណត់សំគាល់បន្ថែម

  • ថ្នាំដែលផ្សំនេះ គឺមានជាតិពុលខ្លាំណាស់ ដូចនេះនៅពេលបើកគំរបដំបូងប្រយ័ត្នការពារមុខកុំឱ្យត្រូវ ចំហាយថ្នាំ។

គេគួរសាកល្បងបង្កើននូវបរិមាណទឹកឱ្យបានច្រើនជាងនេះប្រហែល ២ដង ​ហើយឧស្សាហ៍​បើកកូរយកល្អកូររាល់ថ្ងៃ។ទោះបីថ្នាំផ្សំពីធម្មជាតិក៏មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ​​​ ក៏យើងត្រូវប្រុងប្រយ័ត្នដែរ។ នៅពេលផលិតនិងប្រើ យើងត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួន៖

  • ថ្នាំផ្សំពីរុក្ខជាតិក៏មានជាតិពុលដែរ​ដូចនេះនៅពេលលាយ និងប្រើសូមប្រុងប្រយ័ត្ន ជាពិសេសនៅពេលបើកដប​ឬពាងត្រាំថ្នាំដំបូង ​(ក្លិនខ្លាំង)
  • ជៀសវាងប្រើថ្នាំជក់ជាវត្ថុធាតុដើម ពីព្រោះវាពុលខ្លាំងណាស់
  • ការបាញ់ថ្នាំផ្សំពីរុក្ខជាតិ គ្រាន់តែជាដំណោះស្រាយចុងក្រោយទេ។ សូមលោកអ្នក យកចិត្តទុកដាក់លើវិធានការផ្សេងៗ​ដែលសំរាប់ការពារដំណាំ​ និងជួយឱ្យដំណាំដុះលូតលាស់បានល្អ។

«ប្រើប្រាស់វិធានការដាំដុះ​ និងថែរក្សាចំរុះ​ទើបដំណាំយើងដុះបានផលល្អ»

បណ្ឌិត យ៉ង សាំងកុុមារ និង ពាន សុខា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។