Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៥)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៥)

២.៦.​ ដំណាំជីស្រស់បៃតង

ក.​ ជីបៃតង​និងផលប្រយោជន៍របស់វា

ជីស្រស់​ឬជីបៃតង ជាប្រភេទដំណាំដែលគេដាំសំរាប់ជួយដល់ការថែរក្សា និងបង្កើននូវជីជាតិដី។

ការដាំជីស្រស់នាំមកនូវផលប្រយោជន៍សំខាន់ដល់ដី៖

  • គំរបការពារដីទប់ទល់នឹងកំដៅ និងតំណក់ទឹកភ្លៀង
  • ឫសរបស់ដំណាំជីបៃតង​​ ជួយធ្វើឱ្យដីផុសបានល្អ​ និងនាំមកនូវសារធាតុចិញ្ចឹមជាច្រើនដល់​សត្វល្អិត​ដែលរស់នៅក្នុងដី
  • ផ្នែកផ្សេងៗរបស់ដំណាំនៅពេលពុក​ក្លាយ​ជាជីសំរាប់រុក្ខជាតិ​ និងជួយឱ្យដីផុសបានល្អ
  • នាំមកនូវសារធាតុចិញ្ចឹម ជាពិសេស ជីអាសូតចូលមកក្នុងដី​ (ជាពិសេសពពួកកួរ)

ខ. ប្រភេទរុក្ខជាតិសំខាន់ៗដែលអាចដាំធ្វើជាជីស្រស់បាន
រុក្ខជាតិសំខាន់ៗដែលអាចប្រើជាជីស្រស់បានមានដូចជា សណ្តែកអង្គុយ (គ្រាប់ក្រហម ស ខ្មៅ ពងក្រូច) សណ្តែកខ្មោច ពពាយយ័ក្ស និងពពួកសណ្តែក និងពពាយផ្សេងៗទៀត ដោយពពួកនេះវាមិនសូវត្រូវការជីជាតិច្រើនពីដី វាមានឫសជ្រៅ អាចផលិតនូវស្លឹកបានបរិមាណច្រើនក្នុងរយៈពេលខ្លី និងជាពិសេស អាចនាំមកនូវសារធាតុអាសូតចូលមកក្នុងដី។

                                   ដាំពពួកសណ្ដែកធ្វើជីស្រស់

គ. ចំណុចណែនាំសំរាប់ការអនុវត្តការដាំជីបៃតង

  • ជ្រើសរើសនូវពពួកដំណាំជីបៃតងដែលសមស្រប យកល្អធ្វើការសាកល្បងជាមួយសណ្តែកអង្គុយ
  • មុនពេល ឬពេលសណ្តែកចាប់ផ្តើមចេញផ្កា កាត់មែកនិងស្លឹកដល់គល់ដើម្បីកប់ចូលក្នុងដី
  • បង្កប់ជីបៃតងនេះចូលក្នុងដី ហើយទុកចោលយ៉ាងតិចបំផុត​១អាទិត្យ មុននឹងដាំ
  • គេក៏អាចប្រើជីបៃតងគ្របលើដី ហើយបន្ទាប់មកអាចវែកចន្លោះដើម្បីដាំកូនដំណាំ។

  • សូមជៀសវាងការដាំដំណាំក្រោយពេលការកប់ជីស្រស់ចូលក្នុងដីភ្លាម ពីព្រោះនៅពេលកប់ចូលក្នុងដី ជីស្រស់ចាប់ផ្តើមបំបែកធាតុដែលនាំមកនូវកំដៅប៉ះពាល់ដល់ការលូតលាស់របស់ឫសដំណាំ។ យកល្អ គួររង់ចាំឱ្យបានយ៉ាងតិចមួយអាទិត្យសិនមុនដាំ។
  • កាលណាយើងរង់ចាំដល់ពេលប្រមូលផល សណ្តែកទុំហើយចាំកប់បញ្ចូលដី យើងមិនអាចទទួលបានជី​ជាតិ​ច្រើនដូចជាពេលដែលវាមុនចេញផ្កា ឬកំពុងចេញផ្កាទេ។​ យើងអាចលៃដីមួយដុំតូចសំរាប់ដាំសណ្តែកដើម្បីយកគ្រាប់ពូជសំរាប់ដាំធ្វើជាជីបៃតង។

២.៧. ការដាំបង្វិល

ជារបៀបដាំចំរុះដំណាំ ដែលនៅលើរងមួយ ឬលើកន្លែងមួយ គេធ្វើការផ្លាស់ប្តូរប្រភេទដំណាំដោយលៃយ៉ាងណាកុំឱ្យប្រភេទដំណាំដដែលៗដាំនៅលើដីដដែល នៅរដូវបន្ទាប់ ឬឆ្នាំបន្ទាប់។

ការដាំបង្វិលនាំមកនូវផលប្រយោជន៍ជាច្រើនក្នុងការការពារដំណាំមិនឱ្យមានការបំផ្លាញពីសត្វល្អិត​និង​ជំងឺនិងជួយរក្សាជីជាតិដី។

ក. ការការពារដំណាំ

តាមរយៈការមិនដាំដំណាំដដែលៗ ឬដំណាំមកពីក្រុមដដែលៗ​អាចឱ្យយើងបង្ការឱ្យមានការប្រមូលផ្តុំ និងការផ្ទុះឡើងនូវកត្តាចង្រៃ​និងជំងឺ។

ខ. ការថែរក្សាជីជាតិដី

ដំណាំនីមួយៗ មានតំរូវការនូវសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ដូចនេះការផ្លាស់ប្តូរមុខដំណាំ ជៀសវាងមិនឱ្យមានការស្រូបយកអស់នូវសារធាតុណាមួយពីដី។ ក្រៅពីនេះ បើយើងផ្លាស់ប្តូរមុខដំណាំដោយដាំដំណាំដូចជា​ ពពួកសណ្តែក វាអាចជួយនាំមកនូវសារធាតុចិញ្ចឹមចូលមកដី។

ការផ្លាស់ប្តូរនូវប្រភេទដំណាំឫសវែង ជាមួយដំណាំឫសខ្លី ក៏អាចជួយដល់ការប្រើប្រាស់នូវសារធាតុចិញ្ចឹមពីស្រទាប់ផ្សេងៗរបស់ដី ក៏ដូចជាបំផុសដីឱ្យបានល្អដែរ (ពពួកដំណាំដែលមានឫសជ្រៅ)។

គ. របៀបជ្រើសរើសដំណាំសំរាប់ដាំបង្វិល

ដើម្បីងាយស្រួលក្នុងការបង្វិលមុខដំណាំ យើងចែកដំណាក់ជា ៤ក្រុមធំៗ

  • ពពួកក្រុមបន្លែយកស្លឹក (​ផ្ទី ត្រកួន ស្ពៃ ។ល។)
  • ពពួកក្រុមយកផ្លែ (ត្រប់​ ប៉េងប៉ោះ​ ត្រសក់​ ។ល។)
  • ពពួកក្រុមយកមើម​ (ដំឡូងជា្វ​ ដំឡូងមី ត្រាវ ខ្ញី។ល។)
  • ពពួកក្រុមកួរ ​(សណ្តែកកួរ ពពាយជ្រុង សណ្តែកអង្គុយ។ល។)

ចំណុចសំខាន់ៗសំរាប់ជ្រើសរើសដំណាំក្នុងការដាំបង្វិល ដែលអ្នកត្រូវដឹងគឺ៖

  • ពពួកក្រុមបន្លែយកស្លឹក ​និងយកផ្លែត្រូវការជីជាតិច្រើនពីដី
  • ពពួកក្រុមយកមើម ត្រូវការជីជាតិមធ្យម
  • ពពួកកួរត្រូវការជីជាតិតិច ហើយអាចផ្តល់ជីជាតិដល់ដី។

ដូចនេះនៅពេលដាំបង្វិល​​​ យើងជៀសវាង​​​ ឧទាហរណ៍​ កុំឱ្យពពួកបន្លែយកផ្លែ និងយកស្លឹកដាំបណ្តាក់ ជាប់​គ្នា​ គេគួរឆ្លាស់ជាមួយបន្លែពីក្រុមផ្សេងទៀត ​ជាពិសេសជាមួយពពួកកួរ។

២.៨.​ ថ្នាំការពារដំណាំផ្សំពីរុក្ខជាតិ

សត្វចង្រៃ គឺជាអ្នកបង្ហាញ ឬជារោគសញ្ញានៃបញ្ហាផ្សេងៗ។​ បើសិនជាយើងយកចិត្តទុកដាក់លើការធ្វើដីឱ្យបានល្អ​ ការប្រើប្រាស់ពូជ​​ ឬកូនដំណាំដែលមានសុខភាពល្អ​ ការអនុវត្តការដាំដំណាំបង្វិល និងការជ្រើសរើសដំណាំឱ្យសមស្របទៅនឹងដី​និងរដូវកាល​ នោះបញ្ហានៃកត្តាចង្រៃ​ នឹងកំរកើតមានណាស់។

បើសិនយើងបានអនុវត្តតាមរបៀបខាងលើហើយ ក៏ប៉ុន្តែដំណាំរបស់យើងនៅតែទទួលរងការរាតត្បាតពីកត្តាចង្រៃនោះ យើងអាចប្រើថ្នាំដែលផ្សំពីរុក្ខជាតិខ្លះៗ​ ដែលអាចយកទៅប្រើដើម្បីរុញច្រាន (បណ្តេញ) ឬធ្វើឱ្យសត្វល្អិតចង្រៃទាំងនេះលែងចង់ស៊ីដំណាំទៀត។

ថ្នាំសំលាប់សត្វល្អិតផ្សំពីរុក្ខជាតិ ត្រូវបានធ្វើឡើងពីរុក្ខជាតិ ដែលមានស្លឹកល្វីងខ្លាំង​​ ឬរុក្ខជាតិមានជ័រសៗដូចទឹកដោះ(ភាគច្រើនមានជាតិពុល)។​​ ឬមានក្លិនខ្លាំង។​ ខាងក្រោមនេះជាឧទាហរណ៍ពីរ៖

រូបភាពខ្លះៗនៃសត្វល្អិតចង្រៃបំផ្លាញដំណាំ

១-ដំបំបែកខ្ទឹម ឬស្លឹកគ្រៃ​ ឬជី ។ល។​ត្រាំក្នុងប្រេងកាតឱ្យបានយ៉ាងតិចពី ៥ ទៅ​ ៧    ថ្ងៃ។ ​នៅពេលបាញ់លាយទឹកថ្នាំនេះ មួយនិងស្លាបព្រាបាយ​(១៥​ ម.ល.) ជាមួយនឹង ទឹកសាប៊ូមួយពែង(២០ម.ល) រួចបាញ់នៅពេលល្ងាចត្រជាក់​។​

២-ដំបំបែកស្លឹកទៀបខ្មែរ ល្ហុង​ ស្តៅ ។ល។ លាយទឹកពី ៦ ទៅ​ ៨ដង រួចត្រាំទុកពីរថ្ងៃ។  ប្រើមិនបាច់លាយទឹកបន្ថែមទៀតទេ បាញ់នៅពេលល្ងាចត្រជាក់។

វត្ថុធាតុដើមសំខាន់ៗ​ ដែលអាចប្រើប្រាស់ជាថ្នាំផ្សំពីរុក្ខជាតិមានដូចជា ស្តៅ (ផ្លែ ស្លឹក សំបក) ខ្ញី​​ រំដេង ល្មៀត​​ ខ្ជាយ ម្ទេស​​​ ស្លឹកទៀប សំបកដើមមាន វល្លិបណ្តូលពេជ្រ ដើមស្លាក់ កន្រ្ទាបខ្មោច​ ស្លែង។ល។

ដើម្បីជាជំនួយដល់លោកអ្នកក្នុងការផ្សំថ្នាំធម្មជាតិ​​ ខ្ញុំសូមជូនឧទាហរណ៍មួយចំនួនបន្ថែមទៀតដែលជាបទពិសោធន៍របស់កសិករ។

បណ្ឌិត យ៉ង សាំងកុុមារ និង ពាន សុខា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។