Home / កសិកម្ម / ជីវិត និងស្នាដៃរបស់កសិករ ផ្តើមចេញពីជីវិតនៅលើចុងគរ ឆ្ពោះទៅសេដ្ឋីស្រុកស្រែ

ជីវិត និងស្នាដៃរបស់កសិករ ផ្តើមចេញពីជីវិតនៅលើចុងគរ ឆ្ពោះទៅសេដ្ឋីស្រុកស្រែ

ការចូលរួមវគ្គបណ្ដុះបណ្តាផែនការ យុទ្ធសាស្ត្រស្វ័យហិរញ្ញវត្ថុ ២០១២-២០២២

ព្រៃកំពោង ជាឈ្មោះភូមិមួយរបស់ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំងាយប្រមាណ ៥៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ភូមិនេះមានសមាគមមួយឈ្មោះថា សមាគមពន្លឺរស្មីពេជ្រ កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ ដែលមានការគាំទ្រដំបូងពីអង្គការសេដាក។ ទោះ​បីគម្រោងអង្គការសេដាកបានបញ្ចប់តាំងពីឆ្នាំ២០០៩ក្តីយើងសង្កេតឃើញថា សមាគមកាន់តែរីកចម្រើនជាងមុនទៅទៀត​។តារាងខាងក្រោម បង្ហាញពីគម្លាតនៃភាពរីកចម្រើនរបស់សមាគមការចាប់ផ្តើមដំបូង និងបច្ចុប្បន្ន។ សមាគមការចាប់ផ្តើមដំបូង និងបច្ចុប្បន្ន។

 

 

ល.រ.

ចំណុចវាស់វែង

ការចាប់ផ្តើមដំបូង

ស្ថានភាពបច្ចុប្បន្ន

កំណត់សម្គាល់

ចំនួនគ្រួសារចូលសន្សំ

១៥គ្រួសារ

៧៥គ្រួសារ គ្រួសារក្នុងភូមិចូលសន្សំក្នុងសមាគមទាំងអស់

ចំនួនសមាជិកសន្សំ

១៥នាក់

៨៣នាក់

ទុនសន្សំសរុប

១៥០.០០០៛

១១.០០០.០០០៛

ទុនទ្រទ្រង់ ១០.០០០៛ ១២.០០០.០០០៛

ទុនទ្រទ្រង់ជាទុនរួមរបស់សមាគមប្រើប្រាស់សម្រាប់ផលប្រយោជន៍របស់សមាជិក

សមាគមអាចរីកចម្រើនបាន អាស្រ័យទៅលើធនធានមនុស្ស ជាពិសេសអ្នកជំហរនៅក្នុងភូមិដែលចេះសហការធ្វើការចង់ឲ្យភូមិខ្លួនឯងមានបម្រែបម្រួលជាវិជ្ជមាន ជាងនេះទៀត បុគ្គលដែលជាអ្នកដឹកនាំទាមទារនូវភាពជាគំរូចំពោះសមាជិករបស់ខ្លួន និង ការតាំងចិត្តខ្ពស់ឆ្ពោះទៅ​អនាគត ដែលប្រសើរជាងជីវភាពសព្វថ្ងៃ។

ឆ្លៀតឱកាសនៃការជួបជុំជាមួយតំណាងសមាគមកសិករនៅខេត្តកំពង់ស្ពឺ    ខ្ញុំបានឆ្លៀតពេលដើម្បី ជួបសំណេះសំណាលជាមួយបងប្រុស គច់ សាន ដែលជាប្រធានសមាគមពន្លឺរស្មីពេជ្រ។ គាត់បញ្ជាក់ថា ពេលនេះគាត់មានអាយុ ៥៣ឆ្នាំ មានកូន ៦នាក់ (បច្ចុប្បន្នកូន៣នាក់បានរៀបការរួច ហើយនៅសល់៣នាក់ទៀតក្នុងបន្ទុក)។ គាត់បានរៀបរាប់ពីការលំបាកមុនរៀបចំជាសមាគមថា ពីរនាក់ប្តីប្រពន្ធមានការលំបាកវេទនាក្នុងជីវភាពណាស់ មួយថ្ងៃៗជិះកង់ឌុបគ្នារកទិញផ្លែគរ។ ពេលថ្ងៃត្រង់ប្តីនៅលើចុងគរបេះផ្លែគរ ប្រពន្ធនៅក្រោមដើមគរដើម្បីជួយប្រមូលផ្លែគរច្រកបាវ។ មុខរបរនេះបានចំណូលតិចតួចបំផុត ហើយនឿយហត់ ហើយមានភាពប្រថុយប្រថានគ្រោះថ្នាក់ខ្ពស់។ គាត់ប្រកបមុខរបរនេះរយៈពេលពីរឆ្នាំ។

ការចែករំលែកបទពិសោធន៍ និងភាពរីក ចម្រើនសមាគមដល់កសិករខេត្តកំពង់ស្ពឺ

ដោយហេតុតែចង់មាន និង ការឈឺចាប់ការលំបាកក្នុងជីវិត គាត់បានចាប់អារម្មណ៍លើការផ្សព្វផ្សាយ និងបណ្ដុះ​ បណ្តាលពីការសន្សំប្រាក់របស់អង្គការសេដាក ដោយបបួលឲ្យអ្នកភូមិចូលរួម។ គាត់ពីរនាក់ប្តីប្រពន្ធឌុបគ្នាដោយកង់ចំងាយ ៣០គីឡូម៉ែត្រ ដើម្បីរៀនយកចំណេះធ្វើដូចម្តេចអាចសន្សំប្រាក់បាន? ធ្វើដូចម្តេចសន្សំប្រាក់ជាក្រុមបាន? ធ្វើដូចម្តេចសល់ប្រាក់ច្រើនសម្រាប់ទ្រទ្រង់ជីវភាព? ដោយបានយកនូវអ្វីដែលរៀនយកមកអនុវត្ត និងការកែលម្អជាប្រចាំធ្វើឲ្យសមាគមរីកចម្រើនដូចសព្វថ្ងៃ។ បងប្រុស គច់ សាន បានបញ្ជាក់ថា ភាពជោគជ័យរបស់សមាគម គឺបានមកពីការគ្រប់គ្រង និងដឹកនាំ ជាពិសេសការចូលរួមពីសមា-ជិក។ ដើម្បីឲ្យមានការចូលរួមពីសមាជិក យើងជាប្រធានត្រូវធ្វើគំរូល្អៗជានិច្ច។

តើគាត់បានធ្វើគំរូល្អៗដល់សមាជិកអ្វីខ្លះកន្លងមក?

  • ចូលរួមប្រជុំប្រចាំខែរៀងរាល់ខែមិនដែលខាន (លើកលែងតែករណីចាំបាច់ និងបន្ទាន់បំផុត)។ គាត់តាំងចិត្តថា  ជាសមាជិកយ៉ាងហោចណាស់ចូលរួមប្រជុំឲ្យបានទៀងទាត់  ដើម្បីបានដឹងពីការ

រីកចម្រើនរបស់សមាគម ដឹងអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។

  • រៀនសូត្រនូវគំនិតថ្មីៗ រួចយកមកអនុវត្តឲ្យបានល្អ បន្តផ្សព្វផ្សាយដល់សមាជិកពេលប្រជុំ ឬផ្សព្វផ្សាយជាបុគ្គល។ តាមរយៈទង្វើនេះហើយ ដែលធ្វើឲ្យកសិករក្នុងភូមិគ្រប់គ្រួសារចូលជាសមាជិកសមាគម។
  • សន្សំទៀងទាត់ច្រើនជាងសមាជិក ដើម្បីបង្ហាញជំនឿដល់សមាជិក។ បើប្រធានសន្សំច្រើនមិនខ្លាចបាត់បង់ប្រាក់ ហេតុអ្វីសមាជិកមិនហ៊ានចូលសន្សំ?
  • អនុវត្តនូវបច្ចេកទេស បវស ជាគំរូសម្រាប់ប្រជាជនក្នុងភូមិ។ ពីមុនគ្រួសារកាត់មានដី ២ហិកតា ទទួលបានផលស្រូវសរុប ២,៣តោន ប្រើប្រាស់ហូបចុកសម្រាប់គ្រួសារមិនគ្រប់ទេ។ បច្ចុប្បន្នគាត់ទិញដីបន្ថែមពង្រីកបាន ៤ហិកតា កែប្រែគុណភាពដីដោយមិនប្រើជីគីមីទាល់តែសោះ ពេលនេះផលស្រូវកើនបាន ៩,៥តោន។
  • ខំធ្វើឲ្យបាន ទោះបីនរណានិយាយអ្វីមិនល្អនូវអ្វីដែលយើងកំពុងធ្វើសូមកុំបាក់ទឹកចិត្ត សំខាន់យើងគិតថា អ្វីដែលយើងកំពុងធ្វើវាពិតជាល្អ វាពិតជាជួយខ្លួនយើង ជួយអ្នកភូមិយើងឲ្យមានជីវភាពធូរធា។ ការតាំងចិត្តធ្វើឲ្យសម្រេច គឺជាចំណុចពិសេសសម្រាប់យើងម្នាក់ៗ ដើម្បីឈានសម្រេចជោគជ័យ។
  • ពេលបានជោគជ័យហើយត្រូវជួយអ្នកនៅជុំវិញឲ្យទទួលបានជោគជ័យដែរ ជាក់ស្តែងសមាគមភូមិ គាត់បានប្រមូលផ្តុំសមាគមផ្សេងៗឲ្យជួបជុំរៀងរាល់ខែ ដែលមាន ៩ភូមិ, ១៦ក្រុម ដើម្បីចែករំលែកពីភាពរីកចម្រើន ជួយកែលម្អ ពង្រឹង និងពង្រីកក្រុមសន្សំ និងសមាជិកសន្សំបន្ថែមទៀត។

ជាចុងក្រោយ គាត់តាំងចិត្តអនុវត្តឲ្យបានក្លាយជាសេដ្ឋីស្រុកស្រែ ដោយរកចំណូលពីកសិកម្មឲ្បបានយ៉ាងតិច ១០០លានរៀលក្នុង១ឆ្នាំ សន្សំប្រាក់យ៉ាងតិចឲ្យបាន ១០០លានរៀល និងផ្តល់ការងារឲ្យអ្នកមូលដ្ឋានផ្នែកកសិកម្មឲ្យបាន ៥នាក់។

ជាសរុបមកយើងឃើញថា ភាពជោគជ័យក្នុងជីវិត គឺបានមកពីការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ស្វែងរកចំណេះ ប្រើចំណេះដែលបានរៀនយកមកអនុវត្តឲ្យបានល្អ ជាពិសេសការធ្វើអ្វីមួយជាគំរូល្អក្នុងនាមជាអ្នកដឹកនាំ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេង​ៗ ឈានទៅរកជីវភាពជាសេដ្ឋីស្រុកស្រែ៕

អ្នកក្រ                ខ្ញុំក្រព្រោះឪពុកម្តាយខ្ញុំក្រ

អ្នកមាន            ខ្ញុំត្រូវតែមានព្រោះឪពុកម្តាយខ្ញុំក្រ

អ្នកក្រ               ធ្វើការរំពឹងលើព្រះអាទិត្យលិច

អ្នកមាន            ធ្វើការរំពឹងព្រះអាទិត្យរះ

រ៉ូប៉ឺតធីគីយ៉ូសាគី (Robert. T. Kiyosaki)

ឪពុកអ្នកមាន ឪពុកអ្នកក្រ

វត្តស្រង់អង្គស្នោ, ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២

តាត់ សុខ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំដំណាំប៉េងប៉ោះ

កសិករ ស្រី​ សេងវឿន រស់នៅភូមិបន្ទាយសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះទទួលបានផលខ្ពស់ ដែលបទពិសោធន៍នេះ គឺជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុង ១រដូវដាំដុះរយៈពេល៣ខែ លើផ្ទៃដី៣អារ​ គាត់អាចទទួលបានប្រាក់ចំណូល ៣៦០.០០០រៀលសំរាប់ផ្គត់ផ្គង់គ្រួសារ។