Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៤)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៤)

២.៤. របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ

បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើ​ហូប​ផ្លែ​សម្រាប់ដាក់ជី និងស្រោចទឹក អាចជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។

ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖

ក-យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើ ដោយកន្លែងជីកចង្អូរ ត្រូវនៅចំកន្លែងចុង​មែក​របស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែល​ប្រជុំ​នូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១តឹក​កន្លះ​ទៅ ២តឹក ហើយជំរៅប្រហែល ១តឹកកន្លះទៅ ២តឹក។

ខ-បន្ទាប់មក យើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់​បំពេញ​តាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់​លើ)​។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។

គ-នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមាន​ជី​ទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញ​ផ្កា​បានបន្តិច។

ឃ-ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុង​រណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។

ដើម្បីចង់ដឹងថា តើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករ​ធ្វើការជ្រើសរើសឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើ​ការ​ពិសោធន៍ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធន៍​របស់បងប្អូនជួបបានលទ្ធផលល្អ។

២.៥. សួនរង្វង់

ក-អ្វីទៅជាសួនរង្វង់?

         សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយតាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។

ខ-ហេតុអ្វីបានជាចាំបាច់ធ្វើសួនរង្វង់?

         សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់គ្រួសារ​នៅតំបន់​ដែលខ្សត់​ទឹក ឬរដូវខ្សត់ទឹក ពីព្រោះបន្ទាប់ពីស្រោចហើយ ទឹកវាប្រមូលផ្តុំនៅក្នុងរណ្ដៅ ហើយ​សារធាតុសរីរាង្គដែលនៅក្នុងរណ្តៅអាចចាប់ និងរក្សាសំណើមបានយូរ។

នៅតំបន់ដែលមានដីហាប់ពេក ឬឥដ្ឋពេក សួនរង្វង់អាចនាំឱ្យដីផុសបានល្អ ហើយ​ដំណាំ​ងាយស្រួលលូតលាស់ជាងមុន។

 

គ-តើគេធ្វើសួនរង្វង់យ៉ាងដូចម្តេច?

        ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយបន្ទាត់​ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។

រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្ថើក ដោយបាតរង​មាន​ទទឹង ៣តឹក កំពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹក​កន្លះ (សូមមើលរូបភាព)។

ឃ-តើគេដាក់ជី និងស្រោចទឹកយ៉ាងដូចម្តេច?

              បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើ ស្មៅ ចំបើង សាមកសត្វ។ល។ នៅពេលស្រោចទឹក គេស្រោចតែលើសារធាតុសរីរាង្គ គឺមិន​អាច​ស្រោចលើរងដែលនៅជុំវិញរណ្ដៅទេ។ ជាបណ្ដើរៗ រុក្ខជាតិចាប់ផ្តើមស្រូបយកជីជាតិ និងទឹកពី​រណ្ដៅ​បាន។ ក្នុងរយៈពេលលូតលាស់របស់ដំណាំ គេត្រូវតែឧស្សាហ៍បន្ថែមសារធាតុសរីរាង្គ​ឱ្យ​ញឹកញាប់។ សូមបញ្ជាក់ផងថា ពេលយើងបន្ថែមជី គេធ្វើយ៉ាងណាជៀសវាងដាក់តែជីមួយប្រភេទ។ យើងត្រូវឧស្សាហ៍ព្យាយាមលាយជីឱ្យបានច្រើនមុខ។

ង-តើនៅលើរង្វង់ គេដាំដំណាំយ៉ាងដូចម្តេចដែរ?

              ចំពោះសួនរង្វង់ គេមិនដាំនៅលើរងទេ តែនៅលើផ្នែកទេរខាងក្នុងរបស់រង។ ការដាំ គឺមិនត្រូវ​ឱ្យខិតចុះមកក្រោមពេកដែរ (សូមមើលរូបភាពខាងក្រោម)។ នៅផ្នែកខាងក្រៅនៃរង គេអាចដាំ​ដំណាំ​ផ្សេងៗសម្រាប់គ្របដី។ គេអាចដាំដំណាំបានច្រើនមុខទៅតាមរង្វង់មូល ឧទាហរណ៍ ដំណាំខ្ពស់ ដំណាំទាប ដំណាំវារឡើងទ្រើង និងដំណាំវារលើដី។ ដំណាំទាំងនោះមាន​របៀប​លូត​លាស់ផ្សេងៗគ្នា តែស្រូបយកទឹក និងជីពីកន្លែងតែមួយ។

បណ្ឌិត យ៉ង សាំងកុុមារ និង ពាន សុខា

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។