អំពិលគឺជាអាហារសំបូរវីតាមីនសេ និងជាតិសរសៃដែលជួយដល់ការរំលាយអាហារបានល្អក្នុងសារពាង្គកាយ។ អំពិលចាស់ ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សាំ ជាម្ជូរបង់សម្ល ធ្វើជាអំពិលត្រាំ ឬដំណាប់អំពិលដែលជាការនិយមចូលចិត្តច្រើនពីមនុស្សពេញវ័យ។ ដើម្បីជាជំនួយដល់ស្ត្រីមេផ្ទះ យើងសូមលើកយកបច្ចេកទេសធ្វើអំពិលត្រាំ មកបង្ហាញដូចខាងក្រោម៖
១-ធាតុផ្សំ និងសម្ភារៈ
- អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម
- អំបិល ១ស្លាបព្រាកាហ្វេ
- កំបោរសចំនួន ០,៥ខាំ
- ទឹក ២លីត្រ
- ស្ករត្នោត ០,៣គីឡូក្រាម
- ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ
- កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។
២-វិធីធ្វើ
- យកអំពិលចាស់ ឬអំពិលគល់មកស្រុសទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)
- យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន
- យកអំពិលស្រុសរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់
- ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាតរួចរក្សាទុកឲ្យស្រស់ទឹក
- ដាំទឹកស្ករឲ្យពុះរួចទុកឲ្យត្រជាក់
- យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២ យប់តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបាន
- អាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់គឺកាន់តែឆ្ងាញ់៕
ពាន សុខា និង ស៊ិន អង្គារសាធ