Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៣)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៣)

២.២. រងដំណាំដែលមានចង្អូរកណ្តាល

រងដំណាំដែលមានចង្អូរកណ្តាល ជារងដែលគេជីកកូនរណ្ដៅវែងតូចមួយនៅ​ចំ​កណ្តាល និង​បណ្តោយទៅតាមផ្ទៃរង។ គេប្រើកូនចង្អូរតូចនេះសម្រាប់ដាក់ជីធម្មជាតិ និងស្រោចទឹក។ ពេល​ដំណាំ​លូតលាស់ ឫសរបស់វាប្រមូលផ្តុំនៅកន្លែងដាក់ជី និងស្រោចទឹកនោះ។ គារធ្វើរបៀប​នេះ​ងាយ​ស្រួលដល់យើងក្នុងការឱ្យជី និងទឹកចំមាត់ដំណាំតែម្តង (ពីព្រោះឫសដែលលូតលាស់មកថ្មីៗ ជា​ឫសដែលស្រូបទឹកនិងជី)។

របៀបធ្វើរងដាំ និងថែទាំ

ក-យើងលើកដីធ្វើជារងតាមរបៀបធម្មតាដោយទទឹងរបស់រងអាចមានប្រវែងប្រហែល១ម៉ែត្រ ទៅ ១ម៉ែត្រកន្លះ (អាស្រ័យលើប្រភេទដំណាំ)។

ខ-បន្ទាប់ពីលើករងហើយ យើងយកចបមកជីកជាចង្អូរចំកណ្តាល ដោយទទឹងរបស់ចង្អូរ​មាន​ប្រវែងប្រហែល ៣តឹក និងជំរៅប្រហែល ៣តឹកដែរ។

គ-ពេលជីកចង្អូរហើយ យើងរៀបដីនៅសងខាងឱ្យបានស្មើល្អ។ បន្ទាប់មកប្រមូលជីធម្មជាតិផ្សេងៗយកមកដាក់ចង្អូរ (ដែលមានជីលាមកសត្វសុទ្ធ) លាយជាមួយស្លឹកឈើសុទ្ធ)។ បើយើងមានជីកំប៉ុស្ត យើងគួរលាយជាមួយដែរ។

ឃ-បន្ទាប់មកយើងអាចយកកូនដំណាំមកដាំឬកប់គ្រាប់ដំណាំ។ដំណាំសមស្របសំរាប់រង​រ​បៀប​​​​នេះ ច្រើនពពួកដែលមានឫសវែងល្មមដូចជា សណ្ដែកកួរ ត្រប់ ត្រសក់ ម្រះ ម្ទេស ប៉េងប៉ោះ។ល។

ង-នៅពេលដំណាំលូតលាស់ល្អហើយ យើងមិនចាំបាច់ស្រោចទឹកចំគល់របស់វាទេ គឺយើងគួរស្រោចតែតាមចង្អូរបានហើយ ពីព្រោះឫសនឹងប្រមូលផ្តុំនៅក្នុងចង្អូរនោះ។ នៅពេលដំណាំកំពុងលូតលាស់ ជីនៅកណ្តាលចង្អូរត្រូវរលួយហើយស្រុតចុះក្រោម។ ដូចនេះយើងគួរឧស្សាហ៍បន្ថែមជី តែចៀសវាងប្រើលាមកសត្វស្រស់។

ច-ក្នុងករណីពពួកដំណាំឡើងទ្រើង យើងអាចដាក់ទ្រើងឱ្យវារឡើងជាធម្មតា តែត្រូវទុកចន្លោះសម្រាប់ស្រោចទឹកផង។

បើចង់ដឹងថា រងរបៀបនេះមានផលប្រយោជន៍យ៉ាងណា សូមបងប្អូនធ្វើការសាកល្បងចំនួន ២ ទៅ ៣រងមើលសិន។

២.៣. រងលើកខ្ពស់ ឬរងកាប់ជ្រៅ

រងលើកខ្ពស់ ឬរងកាប់ជ្រៅ ជាប្រភេទរងមួយមានជារណ្តៅ ឬពំនូនដែលក្នុងរណ្ដៅ ឬពំនូននេះគេកប់បញ្ចូលនូវសារធាតុសរីរាង្គ ជាពិសេសរុក្ខជាតិផ្សេងៗ។ រងនេះមានល្ខណៈសមស្របបំផុតចំពោះតំបន់ណាដែលដីមិនសូវផុសល្អ ឬមានការជាំទឹកខ្លាំង។ ការធ្វើរបៀបនេះ ផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួន៖

  • រុក្ខជាតិអាចចាក់ឫសបានស្រួលដោយសារដីផុសល្អ
  • រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ)
  • ផ្តល់ជីជាតិបន្តិចម្តងៗ តាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅ ឬពំនូន
  • ទប់ស្កាត់ការហូរសឹក ឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
  • អាចដាំដំណាំបន្លែមមួយសារទៀតក្រោយពីប្រមូលផល ដោយមិនទាមទារឱ្យលើកជារងថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ ក៏ប៉ុន្តែ គេត្រូវដូរប្រភេទដំណាំ។

ទន្ទឹមនឹងគុណសម្បត្តិ រងខ្ពស់ក៏អាចនាំបញ្ហាមួយចំនួនដែរ ដូចជា៖

  • ត្រូវការសារធាតុសរីរាង្គច្រើន
  • ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា
  • ពេលដំបូង ការលូតលាស់របស់បន្លែរាងយឺត ដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។

របៀបធ្វើ និង ដាំ

ក-គូសចំណាំនូវកន្លែងដែលត្រូវធ្វើរង ហើយចាំងស្មៅចេញដោយយកស្មៅទុកមួយដុំ សម្រាប់​ប្រើដាក់ចូលក្នុងរណ្ដៅវិញ។

ខ-ជីករណ្ដៅឱ្យបានជ្រៅ ៣តឹក ហើយយកអាចម៌ដីគរទុកមួយដុំ។

គ-បន្ទាប់ពីជីកហើយ បំផុសបាតរណ្ដៅ។

ឃ-កប់បញ្ចូលនូវស្លឹកឈើ ស្មៅ និងកាកសំណល់រុក្ខជាតិផ្សេងៗ និងលាមកសត្វខ្លះៗ ឬបន្តិចបន្តូច (ប្រហែល ១/៤ នៃបរិមាណណស្លឹកឈើ)។

ង-យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ ហើយកំរាស់សាច់ដី គឺត្រូវយ៉ាងតិចបំផុត​ក៏​ប្រវែង​មួយចំអាមដែរ។

ច-យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះ បើអត់ជីកំប៉ុស្ត យើងអាចប្រើលាមកសត្វដែលពុក​ៗ​ ឬយកដីស្រទាប់លើដែលមានជីជាតិ។

ឆ-ស្រោចទឹកលើផ្ទៃរងឱ្យជោគ។

ជ-យកស្លឹកឈើគ្របលើផ្ទៃរង ហើយទុកចោលប្រហែល ១អាទិត្យទៅ ២អាទិត្យ មុនដាំ។ នៅពេលដាំ បើយើងដាំពេលល្ងាច គឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។

ឈ-ចាប់ផ្តើមដាំបន្ទាប់ពីស្រោចហើយបានប្រហែល ៥ម៉ោងក្រោយមក។ សូមកុំស្រោចទឹកថែមទៀតមុនពេលដាំភ្លាម ហើយក្រោយពេលដាំ។ សូមរក្សាគំរបដីនៅដដែល។

ញ-មួយថ្ងៃ ឬ២ថ្ងៃក្រោយមក បើរងមានសភាពស្ងួត យើងអាចស្រោចទឹកបន្ថែម។

កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ

  • បរិមាណជីលាមកសត្វ គួរតែស្មើប្រហែលមួយ ១/៤នៃសារធាតុសរីរាង្គទាំងអស់។
  • បើពិបាកកាប់ចូលទៅជ្រៅខ្លាំង យើងអាចធ្វើជារបៀបពូនឡើងវិញ។ យើងអាចប្រើដើមចេក ឬ

កំណាត់ឈើជារបាំងសងខាងរង ដើម្បីងាយស្រួលគរសារធាតុសរីរាង្គ និងពូនដី

  • ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់ យើងគួរលាយដីដំបូកន្លះៗជាមួយដីដែលពូនជារងខាងលើ​។

បណ្ឌិត យ៉ង សាំងកុមារ និង ពាន សុខា

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។