លោកពូ ព្រេម ណឹក អាយុ ៤៦ឆ្នាំ ជាកសិកររស់នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការសេដាក នៅក្នុងឆ្នាំ២០១២ ហើយគាត់មានបទពិសោធន៍លើការ អនុវត្តធ្វើមេជីកំប៉ុស្តទឹកប្រើទៅលើដំណាំស្រូវទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសមានបង្ហាញជូនដូចខាងក្រោម។

ទិដ្ឋភាពដំណាំស្រូវក្រោយពីស្ទួងរួច
ធាតុផ្សំ
ត្រួយទន្ទ្រានខែត្រ ៥គីឡូក្រាម យកមកចិញ្ច្រាំហាលថ្ងៃឲ្យរាងស្រពាប់ យកមកទុកមួយកន្លែង។
យកស្ករត្នោត០,៥គីឡូក្រាម និងទឹក២លីត្រ យកមកកូរចូលគ្នារួចយកស្លឹកទន្រ្ទានខែត្រដែលគាត់ទុកនោះមកលាយច្របាច់ចូលគ្នារួចរក្សាទុកក្នុងពាង ហើយបង្ហាប់វាឲ្យហាប់បន្ទាប់មកគ្របទុករយៈពេល៧ថ្ងៃ ដោយបើកកូរឲ្យបាន៣ដង (៧ថ្ងៃកាច់បានជាមេជី)។
វិធីធ្វើបន្ត
គាត់យកស្ករត្នោតចំនួន១គីឡូក្រាម និងទឹកចំនួន២០លីត្រ លាយបញ្ចូលគ្នារួចចាក់ចូលក្នុងទឹកមេជីដែលបានធ្វើហើយនោះដោយផ្អាប់ទុករយៈពេល៧ថ្ងៃបន្តទៀតទើបយកប្រើបាន។
វិធីប្រើ
គាត់បានយកមេជី១លីត្រលាយទឹកធម្មតា ១០លីត្រ ស្រោចលើដំណាំស្រូវ។ ក្រោយពីស្ទូងបាន រយៈពេល១០ថ្ងៃ។ទឹកជីនេះគាត់បានស្រោចនៅតាមចន្លោះគុម្ពស្រូវ (នៅលើផ្ទៃដីចំនួន ៤២អារ គាត់ប្រើអស់មេជីចំនួន ១៦៨លីត្រ)។

ការសង្កេត និងការតាមដាន
ក្រោយពីគាត់បានប្រើរួចមក ឃើញថាដំណាំស្រូវរបស់គាត់មានការលូតលាស់ខុសពីធម្មតាបើធៀបនឹងការប្រើជីធម្មជាតិដទៃទៀតដែលគាត់បានអនុវត្តកន្លងមក។ ក្រោយពីប្រើបានរយៈពេល៣០ថ្ងៃស្រូវបែកគុម្ពល្អគឺច្រើនបំផុត៣០ដើមក្នុង១គុម្ព មធ្យម២០ដើម និងអន់បំផុតគឹ ១៥ដើមក្នុងមួយគុម្ពដែរ។
ចំណាប់អារម្មណ៍
លោកពូមានចិត្តសប្បាយរីករាយ ពីព្រោះឃើញដំណាំស្រូវរបស់គាត់ មានការលូតលាស់លឿនហើយវាងាយស្រួលក្នុងការអនុវត្តបំផុតនោះគឺគ្រាន់តែរកសារធាតុផ្សំដែលមានក្នុងភូមិដ្ឋាននិងចំណាយថវិកាតិចតូចបំផុតក៏អាចធ្វើបានអាចប្រើប្រាស់បានទៅលើដំណាំផ្សេងទៀតដូចជាឈើហូបផ្លែនិងបន្លែ។ ក្នុងនោះគាត់ក៏បានណែនាំកសិករផ្សេងទៀតនៅក្នុងភូមិរបស់គាត់ឲ្យអនុវត្តតាមផងដែរ។
សរុបបចេ្ចកទេសសំខាន់ៗ
- កាប់ចិញ្ច្រាំវត្ថុធាតុដើមទាំងអស់ត្រាំជាមួយទឹកស្ករត្នោត (ការត្រាំទុកមាន២ដំណាក់កាល)
- យកមេជីទឹក១លីត្រលាយជាមួយទឹក១០លីត្រ ស្រោចលើដំណាំស្រូវក្រោយពីស្ទូងហើយបានរយៈពេល១០ថ្ងៃ
- ស្រោចទឹកជីនៅពេលល្ងាចត្រជាក់៕
ឡូញ ឡាយ