Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ២)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ២)

១.៤. ការជ្រើសរើសដំណាំសមស្របបានល្អ

នៅកម្ពុជាយើងមានដំណាំច្រើនប្រភេទណាស់ ដែលយើងអាចដាំបានប៉ុន្តែការសម្រេចចិត្តត្រូវដាំដំណាំអ្វីមួយអាស្រ័យលើកត្តាជាច្រើន។ ចំពោះកសិករដែលមានសួនល្អ គេតែងតែគិតគូរណាស់ក្នុងការជ្រើសរើសដំណាំ។ ជាទូទៅគេជ្រើសរើសដំណាំដោយមានលក្ខណៈពិសេសដូចខាងក្រោមនេះ៖

  • សមស្របទៅតាមរដូវកាល ឧទាហរណ៍ រដូវប្រាំង គេដាំដំណាំដែលធន់នឹងភាពរាំងស្ងួត និង រដូវ​​វស្សា គេដាំដំណាំដែលធន់នឹងភាពជាំទឹក
  • សមស្របទៅតាមជីជាតិដីរបស់សួន និងទីតាំងរបស់សួន ឧទាហរណ៍ ប្រសិនបើដីមិនសូវមាន

ជីជាតិ គេជ្រើសរើសដំណាំណាដែលមិនសូវត្រូវការជីជាតិច្រើន

  • សមស្របទៅតាម​តម្រូវការរបស់គ្រួសារ ជាពិសេសដំណាំដែលផ្តល់នូវសារធាតុចិញ្ចឹមច្រើន
  • ភាពងាយស្រួលក្នុងការផលិត និងទុកដាក់ពូជ
  • ដំណាំដែលអាចឲ្យផលបានគ្រប់រដូវ។

ខាងក្រោមនេះជាដំណាំសំខាន់មួយចំនួន ដែលគេគួរជ្រើសរើសដាំសម្រាប់សួនគ្រួសារ៖

– ស្លឹកបាស                 – ត្រប់គ្រប់ប្រភេទ            – ក្រូចឆ្មារ​

– ផ្ទី                           – ម្ទេស                              – ចេក

– ត្រកួន                     – ពពាយស្បែក                 – ល្ហុង

– ជ្រលង់                    – សណ្ដែកកួរ                      – ឃ្លោក

– ស្លឹកគ្រៃ                   – ម្រះ                                – ដំឡូងជ្វា

– ជីគ្រប់ប្រភេទ          – ននោង                          – ដំឡូងមី

– ខ្ញី                           – ខ្ជាយ                              – ត្រឡាច

– ត្រាវ                        – រំដេង                              – ល្ពៅ

– ដំឡូងដៃខ្លា             – ល្មៀត                             – ត្រសក់

ទន្ទឹមនឹងនេះ គេក៏ដាំរុក្ខជាតិឈើមួយចំនួនទៀតដែរដូចជា រលោះ ម្រុំ ស្ដៅ កន្ធំធេត អង្គាដី ។ល។ ដែលគេអាចយកមកប្រើជាបន្លែបានដែរ។ ចំពោះរុក្ខជាតិមួយចំនួនដូចជា កន្ធំធេត រលោះ អង្គាដី វាទាមទារ ឲ្យមានការកាប់មែកឲ្យបានទៀងទាត់ ដើម្បីគេអាចបេះស្លឹកធ្វើជាបន្លែបានញឹកញាប់។

រូបភាពដំណាំបន្លែសំខាន់ៗមួយចំនួនសម្រាប់ការដាំដុះនៅក្នុងសួនគ្រួសារ

ការអនុវត្តនូវប្រព័ន្ធចំរុះ (ដាំដំណាំជាច្រើនមុខនៅលើដីសួន) ផ្តល់ផលប្រយោជន៍ការការពារដំណាំ ពីព្រោះវានាំមកនូវភាពចម្រុះនៃសត្វរស់នៅក្នុងសួន និងតុល្យភាពរវាងសត្វមានប្រយោជន៍ និងសត្វដែល បំផ្លាញដំណាំ។
១.៥. ការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះចំរុះបានល្អ

ប្រព័ន្ធដាំដុះចម្រុះដែលគេអាចអនុវត្តបានក្នុងសួនដំណាំមានដូចជា៖
ទន្ទឹមនឹងនេះ ការដាំដំណាំច្រើនមុខ ក៏អាចជួយដល់ជីជាតិដីដែរ ដោយដំណាំនីមួយៗតម្រូវការ និងស្រូបយកជីជាតិពីដីមានភាពខុសគ្នា។ ផ្ទុយទៅវិញការដាំដំណាំតែមួយមុខគត់នៅលើដីតែមួយបង្កលក្ខណៈ ងាយស្រួលឲ្យសត្វល្អិតដែលបំផ្លាញដំណាំក្នុងការប្រមូលផ្តុំ និងធ្វើការស្រូបជីជាតិដីដដែលៗអស់ចេញពីដី​។ លើសពីនេះទៀត ការដាំច្រើនមុខនាំឲ្យលោកអ្នកបានទទួលផលដំណាំ ដែលមានសារធាតុចិញ្ចឹមចម្រុះគ្រប់មុខសម្រាប់បរិភោគប្រចាំថ្ងៃ។

  • ការដាំដំណាំច្រើនមុខលាយគ្នាលើដីតែមួយ
  • ការដាំដំណាំឆ្លាស់តាមរង (ឧទាហរណ៍ រងមួយមានដាំសណ្តែកកួរ ហើយរងមួយទៀតមានដាំ ត្រប់ជាដើម)
  • ការដាំបង្វិលមុខដំណាំទៅតាមរដូវ (ឧទាហរណ៍ នៅកន្លែងមួយមានដាំសណ្តែកកួរ តែរដូវក្រោយត្រូវដាំម្ទេស ឬដំណាំផ្សេងទៀតដែលខុសពីពួកសណ្តែក)
  • ការដាំច្រើនជាន់ (ការមានដាំដំណាំវារឡើងទ្រើង ហើយនៅខាងក្រោមទ្រើងមានដាំដំណាំ ផ្សេងទៀត ជាពិសេសដំណាំដែលធុននឹងម្លប់)
  • ការបញ្ចូលនូវដើមឈើក្នុងប្រព័ន្ធដាំដុះ (ដើមឈើសំខាន់មានដូចជា អង្គាដី ដែលគេអាចដាំនៅក្នុងសួនបានដោយវាមិនសូវមានម្លប់ខ្លាំង អាចជួយស្រូបជីជាតិមកចិញ្ចឹមដំណាំដទៃទៀត) ក្រៅពីរបៀបដាំដូចមានរៀបរាប់ខាងលើនេះ គេអាចដាំតាមរបងនូវដើមឈើមួយចំនួនដូចជា រលោះ កន្ធំធេត ស្ដៅ ជាដើមឈើដែលគេអាចប្រើប្រាស់ជាអាហារបានដែរ។
  • ការដាំជារបងសួន ឧទាហរណ៍ ការដាំដើមកន្ធំធេត ស្ដៅ ម្រុំ ស្អំ ។ល។ឮ

១.៦. ការគ្រប់គ្រង និងថែរក្សាកូនដំណាំ

ការដាំដំណាំមានច្រើនរបៀប ដូចជាការដាំដោយគ្រាប់ផ្ទាល់ ការដាំដោយប្រើមែក​ ទង ដើម និងមើម និងការដាំដោយបណ្តុះគ្រាប់​ហើយបានដកកូនទៅដាំឬទៅស្ទូង ។ ដំណាំបន្លែជាច្រើនប្រភេទ ត្រូវបានគេអនុវត្តការដាំរបៀបបណ្តុះកូនជាមុនសិនមុនដាំ ដោយគេយល់ថាវាអាចមានលក្ខណៈប្រសើរជាងការដាំដោយគ្រាប់​ផ្ទាល់ (ឧទាហរណ៍ ​ម្ទេស ​ត្រប់ ប៉េងប៉ោះ)។

ក្នុងករណីគេបណ្តុះគ្រាប់ ហើយបានដកកូនយកទៅដាំ​គោលបំណងសំខាន់ៗ គឺគេចង់បានកូនដំណាំដែលមានសុខភាពល្អ​ កម្លាំងខ្លាំងយកទៅដាំ ហើយលៃយ៉ាងណាបន្ទាប់ពីដាំហើយ​កូនដំណាំនោះអាចមានលទ្ធភាពលូតលាស់បានល្អភ្លាម។

យកតែគ្រាប់ថ្លោស ពេញល្អទៅសាបគំនិតសំខាន់ៗ ដែលយើងអាចជ្រើសរើសសំរាប់យកទៅអនុវត្តមាន៖

  • សាបស្តើងល្មមដើម្បីឲ្យកូនដំណាំអាចរីកមាឌបានល្អ
  • នៅពេលសាបកុំឲ្យគ្រាប់កប់ជ្រៅពេក (ជំរៅនៃការកប់អាស្រ័យលើទំហំរបស់គ្រាប់)
  • ប្រើជីកំប៉ុស្តរោយលើផ្ទៃខាងលើរបស់ថ្នាលមុននឹងសាប
  • ថែរក្សាថ្នាលឲ្យបានល្អ ជាពិសេសការពារកុំឲ្យមានទឹកដក់ជាំខ្លាំង ឬរាំងស្ងួតខ្លាំង ​ក៏ដូចជាទទួលបំផ្លាញពីសត្វល្អិត និងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វផ្សេងៗទៀត
  • ដកតែដើមថ្លោស​ទៅដាំ
  • ពេលដក ការពារកុំឲ្យមានការប៉ះពាល់ខ្លាំងដល់ឫស​ដោយដកថ្នមៗ​ ហើយមានដោយដីជាប់ទៅជាមួយខ្លះៗ និងការពារកុំឲ្យឫសកូនដំណាំប៉ះពន្លឺថ្ងៃខ្លាំងពេលដកទៅដាំ
  • ដកកូនភ្លាមយកទៅដាំ ឬស្ទូងភ្លាមកុំទុកយូរចាំឲ្យស្រពោនអន់ដើម
  • ដាំដោយថ្នមៗហើយកុំកប់ឫសកូនដំណាំជ្រៅពេក
  • យកល្អដាំនៅពេលថ្ងៃល្ងាច ដើម្បីកុំឲ្យដំណាំរងនូវពន្លឺថ្ងៃខ្លាំងពេក
  • ដាំហើយយកល្អគ្របគល់ដើម្បីរក្សាសំណើមឲ្យបានល្អ
  • ក្នុងរយៈពេល ២-៣ថ្ងៃដំបូងគួរគ្របកូនដំណាំតាមរយៈប្រើស្លឹកដូង ​ឬសំភារៈស្រដៀងនេះ។ ការ គ្របនេះធ្វើនៅពេលថ្ងៃ​ ជាពិសេសថ្ងៃត្រង់ និងថ្ងៃរសៀលក៏ដូចជាពេលដែលយើងបារម្ភថាអាចមានភ្លៀងធ្លាក់ខ្លាំង។

១.៧. ការប្រើប្រាស់ទីកន្លែងដាំដុះឲ្យបានល្អ

ចំណុចសំខាន់ដែលអ្នកត្រូវរង់ចាំពេលដកកូនដំណាំទៅដាំ គឺកូនដំណាំទាមទារឲ្យមានការថ្នាក់ថ្នមប្រៀបដូច ក្មេងតូច ឬកូនង៉ែត ហើយការពារកុំឲ្យឫសត្រូវកំដៅថ្ងៃ។

ស្ថានភាពដីរបស់សួនអាចមានលក្ខណៈខុសៗគ្នា ដោយអាស្រ័យទៅលើភាពខ្ពស់ទាប ភាពជិតឬឆ្ងាយពីទឹក ភាពនៅជិតឬឆ្ងាយពីផ្ទះ ភាពទទួលម្លប់ឬទទួលពន្លឺថ្ងៃពេញលេញ។ ដូចនេះនៅពេលរៀបចំប្លង់ដាំដុះ យើងត្រូវគិតគូរអំពីបញ្ហាទាំងនេះ។

  • កន្លែងដែលមានម្លប់ច្រើន យើងត្រូវដាំដំណាំដែលធន់នឹងម្លប់
  • កន្លែងដែលដីរាងទាប ហើយងាយជក់ទឹក យើងត្រូវដាំដំណាំដែលសមស្របទៅនឹងស្ថានភាពរបៀបនេះ
  • កន្លែងដែលនៅជិតទឹក​យើងគួរដាំដំណាំដែលត្រូវការទឹកច្រើន ​ឬទាមទារការស្រោចទឹកញឹកញាប់
  • នៅជិតផ្ទះ យើងដាំដំណាំដែលត្រូវការថែទាំញឹកញាប់ និងត្រូវការជាប្រចាំថ្ងៃ

ក្រៅពីនេះ គេក៏គួរប្រើទីធ្លាដែលមានឲ្យមានប្រសិទ្ធភាពតាមរយៈការអនុវត្តនូវការដាំដុះតាមរបៀបច្រើន

​​ជាន់ និងការដាំតាមរបង​ ឬការដាំធ្វើជារបងរស់។

១.៨. ការការពារដំណាំបានល្អ

ជាទូទៅដំណាំរបស់យើង តែងតែមានជួបបញ្ហានូវការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ (បង្កដោយមេរោគដូចជា ផ្សិត បាក់តេរី។ល។​ គ្រាន់តែការបំផ្លាញវាមានកំរិតខុសៗគ្នា។ ក្រៅពីសត្វល្អិត និងជំងឺ ក៏អាចជួបបញ្ហាបំផ្លាញដោយសារតែមកពីការខ្វះជីជាតិដី ឬសារធាតុចិញ្ចឹម ឬអាចដីដាំជាំទឹកពេក។

ចំពោះអ្នកគ្រប់គ្រងសួនដំណាំតាមគោលការណ៍ធម្មជាតិ គេយល់ថា បញ្ហារបៀបនេះវាតែងតែមាននៅក្នុងធម្មជាតិ។ ដើម្បីជៀសវាងកុំឲ្យមានបញ្ហានេះកើតមានឡើងធ្ងន់ធ្ងរ គេតែងតែអនុវត្តទៅតាមគោលការណ៍ការពារប្រសើរជាងព្យាបាល។​ តែបើបញ្ហានៅតែកើតមានឡើង​ គេអនុវត្តនូវវិធានការណ៍សមស្របមួយ ក៏គេចុះចាញ់ដោយសមរម្យ​។

អ្នកការពារដំណាំដោយអនុវត្តតាមគោលការណ៍ធម្មជាតិ គេយល់ឃើញថា ​ជាទូទៅប្រសិនបើយើងម្នាក់ៗ​ អនុវត្តនូវវិធានការខាងក្រោមនេះបាន ច្បាស់ជាបញ្ហាទាក់ទងទៅនឹងសត្វល្អិត​ និងជំងឺមិនអាចកើតមានធ្ងន់ធ្ងរទេ៖

  • ការយកចិត្តទុកដាក់លើការកែលំអ ថែរក្សាជីជាតិដី
  • ការជ្រើសរើស និងទុកដាក់ពូជឲ្យបានល្អ
  • ការធានាឲ្យដំណាំមានការចាប់ផ្តើមបានល្អនៅក្នុងសួន (ការគ្រប់គ្រង និងថែរក្សាកូនដំណាំឲ្យបានល្អ)
  • ការជ្រើសរើសដំណាំឲ្យសមស្របទៅនឹងរដូវកាល និងទីកន្លែង
  • ការពារកុំឲ្យសត្វល្អិតមកស៊ីដំណាំតាមរយៈការចុះពិនិត្យសួន ដោយយកចិត្តទុកដាក់
  • ការដកស្មៅបំផុសដីបានល្អ
  • កុំដាំដំណាំកៀកគ្នាពេក ឬបើកៀកពេកត្រូវដកចោលខ្លះ
  • យកល្អដកចោលនូវដំណាំណាដែលមានការបំផ្លាញដោយជំងឺ ដើម្បីកុំឲ្យឆ្លងទៅដំណាំដទៃទៀត
  • ការអនុវត្តនូវប្រព័ន្ធដាំដុះចំរុះ
  • មានការបង្ហូរទឹកបានល្អ ជៀសវាងកុំឲ្យដីមានភាពជាំទឹកយូរ
  • ស្គាល់នរណាជាមិត្ត នរណាជាសត្រូវធម្មជាតិរបស់ដំណាំ ហើយការពារ និងបង្កល័ក្ខខ័ណ្ឌឲ្យមិត្តរបស់ដំណាំអាចរស់នៅបានល្អ តាមរយៈការមិនប្រើថ្នាំពុល ​ការបង្កើតនូវជម្រកផ្សេងៗ ការមិនចាប់សម្លាប់សត្វទាំងនោះ (ឧទាហរណ៍​ កង្កែប​​ ​ គីង្គក់ ។ល។)
  • ដាំដំណាំបណ្តេញសត្វចង្រៃ (ដំណាំដែលមានក្លិនក្រពុលដូចជា ជី​ ស្លឹកគ្រៃ​ ផ្កាស្បៃរឿង ។ល។

ប៉ុន្តែប្រសិនបើ​ សួនដំណាំជួបបញ្ហាបំផ្លាញដោយសត្វល្អិត​​ និងជំងឺផ្សេងៗ​ គេតែងតែអនុវត្តដូចខា

ក្រោមនេះ៖

  • កំណត់ពីបញ្ហាឲ្យបានច្បាស់លាស់​មុននឹងឈានទៅរកការសំរេចចិត្ត​លើការអនុវត្តនូវវិធានការណ៍អ្វីមួយ
  • ស្វែងយល់ពីមូលហេតុឲ្យបានច្បាស់ (តើវាអាចមកពីមូលហេតុអ្វី?)
  • ប្រមូលនូវដំណោះស្រាយ​ ឬជំរើសផ្សេងៗ
  • សំរេចចិត្តអនុវត្តនូវជំរើសណាមួយដែលសមស្រប(ឧទាហរណ៍ ការប្រើថ្នាំដែលផ្សំពីរុក្ខជាតិ)
  • ធ្វើការវាយតម្លៃនូវលទ្ធផលនៃការអនុវត្ត
  • បើទៅមិនរួច ចុះចាញ់ប្រកបដោយសន្តិភាព។

ជាទូទៅគេតែងតែពិភាក្សាជាមួយអ្នកជិតខាង និងអ្នកមានបទពិសោធន៍ច្រើន ដើម្បីស្វែងយល់ពី បញ្ហាឲ្យបានច្បាស់លាស់ ហើយប្រមូលនូវបទពិសោធន៍ ឬដំណោះស្រាយផ្សេងៗ។ គេមិនឈានទៅរកការអនុវត្តរបៀបរហ័សតាមរយៈការប្រើថ្នាំពុលទេ ជាពិសេស​ ថ្នាំពុលគីមី។ ការប្រើថ្នាំពុលគីមីវាគ្រាន់តែជាដំណោះស្រាយខ្លីទេ ហើយវានាំមកនូវបញ្ហាច្រើន រហូតអាចឈានទៅដល់គ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើថ្នាំផង (សូមអានបន្ថែម សៀវភៅថ្នាំពុល និងបញ្ហារបស់វាដែលបោះពុម្ភផ្សាយដោយអង្គការសេដាក)។ ប្រសិនបើករណីចាំបាច់​គួរប្រើថ្នាំផ្សំពីរុក្ខជាតិ ដើម្បីបណ្តេញ និងសម្លាប់សត្វដែលបំផ្លាញដំណាំ។​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ថ្នាំផ្សំពីរុក្ខជាតិក៏មានគ្រោះថ្នាក់ដែរ​ ហើយវាទាមទារឲ្យមានការប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្នជានិច្ច។

ការប្រើថ្នាំពុលកសិកម្មអាចនាំមកនូវបញ្ហាជាច្រើនប្រភេទដល់អ្នក និងគ្រួសាររបស់អ្នក

«សុខភាពរបស់អ្នក វាប្រសើរជាងប្រាក់ចំណេញរាប់លានរៀល»

(ភាគ ២)

បណ្ឌិត យ៉ង សាំងកុមារ និង ពាន សុខា

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។