Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ(ភាគ១)

សួនដំណាំជាលក្ខណៈគ្រួសារ(ភាគ១)

គោលការណ៍បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែង

សេចក្តីផ្តើម

ជាទូទៅនៅជុំវិញផ្ទះ គ្រួសារកសិករតែងតែមានទីធ្លា ដែលអាចប្រើប្រាស់សម្រាប់ជាសួនដំណាំ គ្រួសារ ឬសួនគ្រួសារដែលក្នុងនោះមាន បន្លែ ឈើហូបផ្លែ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀត។

សួនគ្រួសារមានសារៈសំខាន់សម្រាប់គ្រួសារនីមួយៗដូចជា៖

  • ផ្តល់ស្បៀងអាហារ (បន្លែ ផ្លែឈើ) សម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារ
  • ផ្តល់ចំណីសត្វ
  • ផលិតផលលើស អាចលក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ
  • ផ្តល់នូវផលបន្ទាប់បន្សំផ្សេងទៀត ដូចជាផ្នែកផ្សេងៗនៃរុក្ខជាតិ ដែលអាចយកមកធ្វើជាថ្នាំបូរាណ និងផ្តល់ជាអុសសម្រាប់ដុត
  • ផ្តល់ការងារដល់សមាជិកគ្រួសារ
  • ធ្វើឲ្យទិដ្ឋភាពជុំវិញផ្ទះមានភាពស្រស់បំព្រង។

ដើម្បីឲ្យសួនដំណាំរបស់អ្នកបំពេញនូវតួនាទីខាងលើនេះបាន អ្នកត្រូវបង្កើតឲ្យមានសួនដ៏ល្អមួយ។

ហើយសួនដែលល្អមានលក្ខណៈសម្គាល់សំខាន់ៗដូចខាងក្រោមនេះ៖

  • អាចឲ្យអ្នកប្រមូលផលបានច្រើនប្រភេទ ជាពិសេសបន្លែនិងផ្លែឈើសំបូរដោយសារធាតុចិញ្ចឹមដល់រាងកាយ។
  • អាចឲ្យអ្នកប្រមូលផលបានគ្រប់រដូវទាំងប្រាំងនិងវស្សា
  • ដីមានជីជាតិល្អជានិច្ច ដោយមិនខ្សោះជីជាតិ និងបំពុលដោយសារធាតុគីមីទេ
  • ជាកន្លែងប្រកបដោយផាសុខភាព គ្មានក្លិនជាតិពុលដូចជា ថ្នាំពុល និងជីគីមី។

ប៉ុន្តែសួនដែលល្អ វាមិនកើតឡើងដោយឯកឯងទេ ពោលគឺទាមទារឲ្យមានការគ្រប់គ្រង និងថែរក្សា

ឲ្យបានល្អ។

ដើម្បីជំនួយដល់លោកអ្នកក្នុងការរៀបចំ និងគ្រប់គ្រងសួនដំណាំឲ្យបានល្អ យើងខ្ញុំសូមធ្វើការបង្ហាញពីគំនិត និងបទពិសោធន៍ខ្លះៗដែលមានរៀបរាប់ក្នុងកូនសៀវភៅនេះ។

កូនសៀវភៅនេះមានចែកជា ៣ផ្នែកសំខាន់ៗ។ ទី១ យើងធ្វើការណែនាំនូវគោលការណ៍និងគំនិត សំខាន់ៗសម្រាប់កែលំអសួនដំណាំ។ ចំណែកទី២វិញ មានការបង្ហាញពីបច្ចេកទេសសាមញ្ញៗមួយចំនួន សម្រាប់លោកអ្នកយកទៅសាកល្បង។ នៅផ្នែកទី៣ យើងមានបង្ហាញនូវឧទាហរណ៍ខ្លះៗរបស់កសិករ ដែលអនុវត្តការដាំដុះ និងថែរក្សាដំណាំបន្លែ និងឈើហូបផ្លែបានល្អ។

ជំពូកទី១គោលការណ៍ ​និងគំនិតសំខាន់សំរាប់ជំនួយក្នុងការរៀបចំសួនដំណាំឲ្យបានល្អ

អ្នកគ្រប់គ្រងសួនបានល្អ ជាអ្នកមានលក្ខណៈពិសេសដូចខាងក្រោមនេះ៖

១-មានការគ្រប់គ្រងថែរក្សាជីជាតិដីបានល្អ

២-ជាអ្នកជ្រើសរើស និងទុកដាក់ពូជបានល្អ

៣-មានការគ្រប់គ្រង និងប្រើប្រាស់ទឹកបានសមស្រប

៤-ចេះជ្រើសរើសប្រភេទដំណាំដាំបានសមស្របទៅតាមរដូវការដាំដុះនីមួយៗ

៥-មានការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះដំណាំបានល្អ

៦-ចេះការពារដំណាំពីការបំផ្លាញផ្សេងៗបានល្អ។

១.១. ការគ្រប់គ្រងថែរក្សាជីជាតិដីបានល្អ

          សួនដែលមានដំណាំដុះលូតលាស់បានល្អដោយសារដីរបស់សួនមានជីជាតិល្អដែរ។ ក្នុងសួនដំណាំយើងអាចចាត់ទុកដីប្រៀបដូចជាម្តាយ ហើយដំណាំប្រៀបដូចជាទារក។ បើម្តាយមានសុខភាពល្អទារក​នោះ​ក៏មានសុខភាពល្អដែរ។ ដូចគ្នាដែរ​ បើដីមានសុខភាព ឬមានជីជាតិល្អ ​ដំណាំក៏អាចលូតលាស់បានល្អ​ដែរ។

ចំពោះដីដែលល្អមានលក្ខណៈគេអាចសំគាល់បានដូចខាងក្រោមនេះ:

  • ដីមិនឥដ្ឋពេក មិនខ្សាច់ពេក
  • ដីដែលមាន ឬសំបូរទៅដោយជាតិ​មមោកនៅស្រទាប់ខាងលើ
  • ដីដែលមានជំរៅជ្រៅ និងផុសល្អ​ ងាយស្រួលជីក
  • ដីដែលមិនមានទឹកដក់ជាំយូរ
  • ដីដែលអាចចាប់ និងរក្សាសំណើម និងជីជាតិបានល្អ (មិនឆាប់ស្ងួតពេក)
  • ដីដែលសំបូរដោយសត្វល្អិតរស់នៅ ដូចជាជន្លេន ​និងសត្វល្អិតមានប្រយោជន៍ផ្សេងៗទៀត
  • ដីដែលមានក្លិនល្អ​ និងពណ៌ក្រម៉ៅ
  • ដីដែលមានដំណាំច្រើនប្រភេទ (ជាពិសេសរុក្ខជាតិដុះឯង) ដុះលូតលាស់បានល្អ។

ដើម្បីចង់ដឹងមើលថា តើដីយើងល្អ ឬ មិនល្អ  យើងអាចចាប់ដី ដែលសើមយកមកពូតមូលជាបាល់

ប្រសិនជាយើងមិនអាចពួតមូលដូចបាល់បាន ពេលនោះមានន័យថា ដីយើងខ្សាច់ពេក។ ប៉ុន្តែបើយើងពូតមូលជាបាល់បាន ហើយផ្ទាត់មិនព្រមបែក មានន័យថាដីយើងឥដ្ឋពេកហើយ។ ​ដីដែលមានទំរង់ល្អគឺយើងអាចពូតមូលជាបាល់បាន ហើយនៅពេលផ្ទាត់វាអាចបែកជាដុំតូចៗបានបន្តិចម្តងៗ។

ដើម្បីឲ្យបានដីល្អរបៀបនេះ គេច្រើនអនុវត្តនូវបចេ្ចកទេសខាងក្រោមនេះ៖

  • បើដីខ្សាច់ពេក គេបន្ថែមនូវដីឥដ្ឋ ឬដីដំបូកខ្លះៗ តែបើដីឥដ្ឋពេកគេអាចបន្ថែមដីខ្សាច់ខ្លះៗ
  • បើដីជាំទឹកខ្លាំងគេត្រូវធ្វើ​ប្រព័ន្ធរំដោះទឹក តាមរយៈការជីកជាកូនប្រឡាយ ឬចង្អូរនៅក្នុងសួន
  • ប្រើប្រាស់ជីធម្មជាតិ ជាពិសេសជីកំប៉ុស្ត (ជីដែលផ្សំពីជីធម្មជាតិផ្សេងៗ ហើយទុកឲ្យពុកល្អ) ដើម្បីឲ្យដីផុស និងអាចរក្សាសំណើមបានល្អ
  • គេមិនដាំដំណាំមុខដដែលៗលើដីដដែលទេ គឺគេឆ្លាស់មុខដំណាំតាមរដូវ​ (ដំណាំបង្វិល)
  • គេដាំដំណាំ ជីស្រស់បៃតង ដើម្បីយកស្លឹកធ្វើជាជីដល់ដី
  • គេគ្របដីជាប្រចាំ ដើម្បីការពារដីពីការរងនូវកំដៅថ្ងៃខ្លាំងដើម្បីរក្សាសំណើមក្នុងដីឲ្យបានល្អនិងការ​ពារនូវការហូរសឹកនូវស្រទាប់ដីខាងលើ
  • គេមិនប្រើជីគីមី និងថ្នាំពុលទេ ពីព្រោះវានាំឲ្យប៉ះពាល់ដល់សត្វល្អិតដែលរស់នៅក្នុងដី(ឧទាហរណ៍ ជន្លេន)
  • ការកាប់គាស់ដី ដោយមិនត្រឡប់នូវដីជីខាងលើមកក្រោម គឺគេគ្រាន់តែបំផុសដីតែប៉ុណ្ណោះដើម្បីឲ្យដីរបស់សួនអ្នកមានជីជាតិល្អជាប់ជានិច្ច ​​វាទាមទារឲ្យអ្នកអនុវត្តផ្គុំចូលគ្នា្ននូវគោលការណ៍ និងគំនិ​​ត​

ដូចខាងលើនេះចូលគ្នាឲ្យបានល្អ ជាពិសេសការប្រើប្រាស់ជីកំប៉ុស្ត ការគ្របដី និងការរៀបចំអោយមានប្រព័ន្ធបង្ហូរទឹក។

១.២. ការជ្រើសរើស និងទុកដាក់ពូជបានល្អ

ពូជល្អជាកត្តាមួយចាំបាច់ណាស់ ដើម្បីឲ្យដំណាំក្នុងសួនបានផលល្អ។ កសិករ ដែលមានសួនល្អ តែងតែយកចិត្តទុកដាក់ណាស់ក្នុងការជ្រើសរើសនិងទុកដាក់ពូជ ហើយគេមិនចេះតែទិញ ឬយកគ្រាប់ពូជដែលមិនមានប្រភពច្បាស់លាស់មកដាំដែរ។ ការមិនបានជ្រើសរើសពូជច្បាស់លាស់ វាអាចនាំមកនូវជំងឺផ្សេងៗ ដោយពូជនោះមិនមានលក្ខណៈធន់ទៅនឹងល័ក្ខខ័ណ្ឌធម្មជាតិរបស់សួនយើង ឬពូជនោះវាមិនមានដំណុះល្អ ឬកំលាំងខ្សោយក្នុងការដុះ ឬពូជនោះនាំមកនូវជំងឺមកពីតំបន់ផ្សេងៗ។

ដើម្បីធានាថា អ្នកបានពូជល្អមកដាំបន្ត គឺយើងត្រូវជ្រើសរើស និងទុកដាក់ពូជដោយខ្លួនឯង និងសហការជាមួយកសិករក្នុងភូមិ ដើម្បីចេករំលែកនិងដោះដូរពូជគ្នាទៅវិញទៅមក។

(សូមអានទំព័រទី ៥២​ ៥៣ និង ៥៤)។

១.៣. ការគ្រប់គ្រង និងប្រើប្រាស់ទឹកឲ្យបានល្អ

ទឹកជាធាតុមួយដ៏សំខាន់របស់រុក្ខជាតិ​ ​ដោយវាមាននៅគ្រប់ផ្នែកទាំងអស់របស់រុក្ខជាតិ។ ​ទន្ទឹមនឹងនេះ ទឹកក៏មានតួននាទីជួយដឹកជញ្ចូននូវសារធាតុចិញ្ចឹមផ្គត់ផ្គងផ្នែកផ្សេងៗរបស់រុក្ខជាតិដែរ។ ក្រៅពីនេះ ទឹកជាសារធាតុមួយសំខាន់ក្នុងការធ្វើរស្មីសំយោគ ​មានន័យថា ក្នុងការផលិតនូវចំណីរអាហារសំរាប់ចិញ្ចឹមឲ្យរុក្ខជាតិលូតលាស់ផ្លែផ្កាបានល្អ​។ បើគ្មានទឹករុក្ខជាតិក៏គ្មានជីវិត តែបើមានទឹកច្រើនពេក ក៏អាចឲ្យរុក្ខជាតិជាច្រើនមិនអាចលូតលាស់បានដែរ។

គោលបំណងសំខាន់ក្នុងការគ្រប់គ្រងទឹកគឺ លៃយ៉ាងណាកុំឲ្យដីស្ងួតពេក និងកុំឲ្យមានទឹកដក់ជាប់ ឬដីជាំទឹកខ្លាំងពេក។ មានន័យថា គេលៃយ៉ាងណាឲ្យមានសំណើមសមរម្យល្អសម្រាប់ការលូតលាស់របស់ដំណាំ។ គោលបំណងសំខាន់មួយទៀត គឺការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាពក្នុងការស្រោចដំណាំ ជាពិសេសនៅរដូវរាំងស្ងួត។

ចំណុចសំខាន់ដែលអ្នកត្រូវគិតគឺ បរិមាណទឹកដែលយើងត្រូវការស្រោចដំណាំ  វាអាស្រ័យទៅលើ ប្រភេទដំណាំ រដូវកាល និងលក្ខណៈធម្មជាតិរបស់ដី៖

-ប្រភេទដំណាំ. ជំរៅរបស់ឫស និងដំណាក់កាលលូតលាស់របស់ដំណាំ។ ជាទៅទៅ ដំណាំត្រូវ ការទឹកច្រើននៅពេលកំពុងលូតលាស់ មុនពេលចេញផ្កា និងពេលចេញផ្កា។

-បំរែបំរួលតាមរដូវកាល. កំដៅនិងពន្លឺ ល្បឿននៃខ្យល់ សំណើមនៃខ្យល់ និងបរិមាណទឹកភ្លៀង

-ធម្មជាតិរបស់ដី. សមត្ថភាពរបស់ដីក្នុងការស្រូប រក្សាសំណើម និងការបញ្ចេញសំណើមឲ្យដំណាំស្រូប។ ជាទូទៅដីដែលសំបូរទៅដោយសារធាតុសរីរាង្គ ឬជីធម្មជាតិអាចមានសមត្ថភាពខ្ពស់ក្នុងការស្រូបយក និងរក្សាសំណើម។

            គំនិតល្អដែលគេអាចយកទៅអនុវត្តពិសេសនៅរដូវប្រាំង មានដូចខាងក្រោមនេះ៖

  • គ្របដីដើម្បីរក្សាសំណើម ជាពិសេសនៅរដូវក្តៅស្ងួត
  • ប្រើជីធម្មជាតិដើម្បីបង្កើននូវសមត្ថភាពរក្សាសំណើមរបស់ដី
  • ធ្វើជាសួនរង្វង់ ឬចង្អូរកណ្តាល ដើម្បីងាយស្រួលក្នុងការស្រោចទឹក
  • ស្រោចរបៀបជាដំណក់ៗ ឬស្រោចទៅតាមស្រទាប់ដីខាងក្រោម (ឧទាហរណ៍ ការបង្កប់ក្អម ឬ ទុយោដែលមានប្រហោងតូចៗ)
  • ដាំដំណាំលៃទៅតាមបរិមាណទឹកដែលមាន
  • ដាំដំណាំច្រើនជាន់ ឬដាំដំណាំកៀកៗគ្នា ដើម្បីងាយស្រោចទឹកតែមួយកន្លែង
  • ប្រើប្រាស់នូវទឹកពីកាកសំណល់ផ្ទះបាយ
  • ជ្រើសរើសដំណាំដែលធន់នឹងភាពរាំងស្ងួត
  • យកទឹកទៅងួតក្នុងសួន តែជៀសវាងកុំឲ្យទឹកសាប៊ូហូរចូល។

ចំពោះក្នុងករណីរដូវវស្សា   ជាពិសេសដើម្បីជៀសវាងកុំឲ្យមានភាពជាំទឹកខ្លាំង   គេនាំគ្នាអនុវត្តនូវ

គំនិតសំខាន់ៗដូចខាងក្រោមន៖

  • ធ្វើជាចង្អូរដើម្បីជួយរំដោះទឹកចេញកុំឲ្យជាំទឹកខ្លាំង ឬជីកជារណ្ដៅតូចៗក្នុងសួន ហើយក្នុង រណ្តៅនេះ គេមានដាក់មែកឈើ ស្លឹកឈើ ដើម្បីឲ្យទឹកជ្រាបហូរចូលទៅក្នុងដី
  • លើកជារងខ្ពស់ៗសម្រាប់ដាំដំណាំ ឬធ្វើរងរបៀបជាធ្នើរសម្រាប់ដាំដំណាំ
  • ដាំតែដំណាំណាដែលអាចលូតលាស់បានល្អលើដីដែលជាំទឹក ឬដីងាយជាំទឹក
  • លៃយ៉ាងណាកុំឲ្យមានទឹកដក់ជាប់យូរ និងដីស្រទាប់លើមានភាពសើមជាប់ជានិច្ចពេក។

(ភាគ ១)

បណ្ឌិត យ៉ង សាំងកុមារ និង ពាន សុខា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។