Home / កសិកម្ម / បទពិសោធន៍ដាំដំណាំត្រសក់ផ្អែម

បទពិសោធន៍ដាំដំណាំត្រសក់ផ្អែម

 

        បទពិសោធន៍ដាំដំណាំត្រសក់ផ្អែម

ត្រសក់ផ្អែមឬមឺឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅកម្ពុជាទេ។ប៉ុន្តែកសិករមួយចំនួននៅតំបន់ខ្លះ​បាននិយមដាំហើយក៏ចូលចិត្តបរិភោគ ចំណែកតំលៃរបស់វានៅលើទីផ្សារក៏មានតំលៃខ្ពស់ផងដែរ។លោកពូ ទេស សុគាម រស់នៅភូមិត្រពាំងវែង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ គាត់មានបទពិសោធ៍ល្អក្នុងការដាំដំណាំត្រសក់ផ្អែមទទួលបានផលល្អ មកបង្ហាញជូនដូចខាងក្រោម៖

១. ការជ្រើសរើសដីនិងការរៀបចំដី

ដីដែលត្រូវបានជ្រើសរើសដាំត្រសក់ផ្អែម គឺជាដីខ្ពស់មិនលិចទឹកនៅរដូវវស្សា តែចំពោះរដូវ​ប្រាំង គាត់អាចដាំវាបានទៅលើដីស្រែ និងជាដីដែលនៅជិតប្រភពទឹក ដើម្បីងាយស្រូលក្នុងការស្រោចស្រព។ មុននឹងយកកូនត្រសក់ផ្អែមទៅដាក់ដាំ គាត់បានរៀបចំដីដោយភ្ជួដីទុករយៈពេលមួយសប្ដាហ៍ បន្ទាប់មកបាចជីលាមសត្វពុកផុយដូចជា លាមកគោពុកផុយ និងជីកំប៉ុស្ត រួចធ្វើការភ្ជួរលុបទៅក្នុងដីវិញទុករយៈពេល២ថ្ងៃ ទើបរាស់ពង្រាបដីឱ្យរៀបស្មើ រួចកាប់ជារណ្ដៅដាំដោយទុកចន្លោះពីរណ្ដៅមួយទៅរណ្ដៅមួយ៣តឹក។

        ទិដ្ឋភាពដំណាំត្រសក់ផ្អែមនៅលើទ្រើង

២. ការជ្រើសរើសពូជ

ពូជត្រសក់ដែលគាត់យកមកដាំគឺជាប្រភេទពូជ ដែលមានសាច់ពណ៌លឿងសំបកពណ៌ខៀវ។

៣. ការបណ្ដុះកូន

មុនដាក់ដាំ គាត់បានយកគ្រាប់ទៅបណ្ដុះដាក់នៅក្នុងត្រេសំរាប់បណ្ដុះកូន ដោយដាក់មួយគ្រាប់មួយត្រេ។ បន្ទាប់ពីបណ្ដុះកូនបានរយៈពេល ១០ថ្ងៃ គាត់បានយកកូនត្រសក់ទៅដាក់ដាំនៅក្នុងរងដែលបានរៀបចំរួច គឺមួយដើមមួយរណ្ដៅ (ក្នុងការជ្រើសរើសកូន គឺយកតែកូនដែលមានការលូតលាស់ល្អ តែប៉ុណ្ណោះ)។

៤.ការដាំ

មុនដាំ គាត់បានរៀបចំរណ្ដៅដោយដាក់ជីកំប៉ុស្ដក្នុងមួយរណ្ដៅ ១បង្គី និងចន្លោះពីរណ្ដៅមួយទៅរណ្ដៅមួយចំងាយ ៣តឹក។ ពេលដាំរួចគាត់បានស្រោចទឹក បន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង (កៅស៊ូនោះគាត់បានចោះរន្ធតូចៗ ដើម្បីឲ្យមានខ្យល់ចេញចូល និងសំរាប់បន្តក់ទឹកចូល)។ អត្ថប្រយោជន៍ក្នុងការគ្របកៅស៊ូនេះ គឺដើម្បីការពារឱ្យដីមានសំណើមគ្រប់គ្រាន់ មិនឲ្យស្មៅដុះពិសេសមិនមានសត្វល្អិតបំផ្លាញច្រើនផងដែរ។

៥. ការថែទាំ

ក្នុងមួយថ្ងៃគាត់បានស្រោចទឹក ១ដង នៅពេលត្រសក់ដុះបានអាយុពី ២០ ទៅ ៣០ថ្ងៃ គាត់បានដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកគោ និងជីកំប៉ុស្ត។​ ក្រោយពីដាំត្រសក់នៅក្នុងរងប្រមាណជា២០ថ្ងៃ គាត់បានធ្វើការចងទងត្រសក់ជាប់ទៅនឹងទ្រើងដែលបានរៀបចំរួច ដើម្បីទុកឲ្យត្រសក់វារតោងឡើង។ ​នៅពេលកូនត្រសក់ផ្អែមដុះបានសន្លឹកទី​១៤ គាត់បានធ្វើការកាត់ទងដើម្បីឱ្យត្រសក់បែកខ្នែង ហើយខ្នែងនោះត្រូវរក្សាទុកតែបីខ្នែងប៉ុណ្ណោះសម្រាប់ឱ្យវាផ្លែ និងរក្សាទុកតែ៣ប៉ុណ្ណោះ បើលើសពីនេះត្រូវបេះចោល ដើម្បីជៀសវាងផ្លែតូច តែបើមានខ្នែងថ្មីកើតឡើងត្រូវកាត់ចោល។ ត្រសក់ផ្អែមដែលអាចផ្តល់ផ្លែបានគឺនៅត្រឹមតែខ្នែងទី ១៤ ទៅ​ ១៦ តែប៉ុណ្ណោះ។

៦. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ៩០​ទៅ១០០ថ្ងៃមក ត្រសក់មានផ្លែអាចបេះបាន។ ត្រសក់មួយផ្លែអាចមានទម្ងន់ចន្លោះពី ០,៧ ទៅ ១គីឡូក្រាម (ក្នុងមួយវដ្តជីវិតរបស់វា)។ ក្រៅពីការផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសារ នៅឆ្នាំ២០១៤ គាត់អាចលក់ផ្លែត្រសក់ផ្អែមបានប្រមាណជា ១.៥០០.០០០រៀល (មួយលានប្រាំសែនរៀល) នៅលើផ្ទៃដីប្រមាណ ១៥អារ ដែលស្មើនឹង ២៤រង។

៧. ចំណាប់អារម្មណ៍

ត្រសក់ផ្អែមជាដំណាំងាយស្រួលដាំ ប៉ុន្តែពិបាកថែទាំជាងដំណាំផ្សេងៗទៀត។ ដំណាំនេះមិនពិបាកក្នុងការរកទីផ្សារទេ ក្នុងមួយគីឡូក្រាមគាត់អាចលក់បានតំលៃចាប់ពី ៧.០០០ រហូតដល់៩.០០០រៀល។លោកពូក៏បានបន្តទៀតថា គាត់នឹងនៅតែបន្តដាំដំណាំត្រសក់ផ្អែមនេះនៅឆ្នាំក្រោយៗទៀតបន្ទាប់ពីរដូវច្រូតកាត់ស្រូវរួចរាល់។

សរុបនូវបទពិសោធន៍ និងបចេ្ចកទេសសំខាន់ៗក្នុងការដាំត្រសក់ផ្អែម៖

  • ភ្ជួររាស់ដីឲ្យម៉ត់ និងហាលទុករយៈពេល១សប្តាហ៍
  • កាប់បំផុសដីលើកជារងដាក់ជីកំប៉ុស្ត និងលាមកសត្វពុកផុយទ្រាប់បាត
  • រៀបចំរណ្តៅដែលមានចន្លោះឃ្លាតពីគ្នា ៤តឹក (ចន្លោះគុម្ព)
  • បណ្តុះកូនត្រសក់ផ្អែមនៅក្នុងឧបករណ៍សំរាប់បណ្តុះកូនក្នុងមួយរណ្តៅមួយគ្រាប់
  • ជ្រើសរើសកូនដំណាំណាដែលថ្លោសល្អ យកទៅដាក់ដាំដោយនៅក្នុងមួយរណ្តៅមួយដើម
  • ក្រាលកៅស៊ូប្លាស្ទិកលើរងដើម្បីការពារការហួតសំណើម និងការដុះស្មៅ
  • ថែទាំស្រោចទឹក បំប៉នជីកំប៉ុស្ត ដកស្មៅ និងចាប់សត្វល្អិតដោយដៃ និងព្រមទាំងកាត់ខ្នែងចោលខ្លះ៕

ពាន សុខា និង ស៊ិន អង្គារសាធ

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។