បងប្រុស ឈាន ឈឿន ជាកសិកររស់នៅភូមិរាជ្យជន្ទល់ ឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អ ក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិដោយទទួលបានជោគជ័យ។ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះ គាត់ក៏បានជួបប្រទះបញ្ហាជាច្រើនផងដែរ គឺមាន់មិនសូវស៊ីចំណី។ ក្រោយពីជួបប្រទះបញ្ហានេះ បងប្រុសបានធ្វើបទពិសោធន៍ដោយប្រើថ្នាំផ្សំពីធម្មជាតិ ដើម្បីព្យាបាលមាន់។ ចំពោះបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម៖
១. វត្ថុធាតុដើម និងសំភារៈ
- ស្លឹកស្ដៅ និងគល់ស្លឹកគ្រៃ (បរិមាណស្មើគ្នា)
- ស្បៃ ១
- ចាន ១។
២. វិធីធ្វើ
យកគល់ស្លឹកគ្រៃទៅហាន់ជាចំណិតៗ និងស្លឹកស្ដៅហាន់ឲ្យល្អិត រួចយកទៅបុកលាយបញ្ចូលគ្នា បន្ទាប់មកចាក់ទឹកចូលច្របល់ឲ្យសើមហើយច្របាច់យកទឹក។ ជាចុងក្រោយគាត់យកស្បៃច្រោះទឹកថ្នាំដាក់ចូលទៅក្នុងចានសម្រាប់ទុកប្រើប្រាស់។
៣. វីធីប្រើ
យកទឹកថ្នាំ ១សេសេ សម្រាប់បញ្ច្រកឲ្យមាន់មួយក្បាល ដែលមាន់មានទំងន់ចាប់ពី ០,៣គីឡូក្រាមឡើងទៅ។ បញ្រ្ចកមាន់ ១ថ្ងៃ ៣ដង រយៈពេល ២ថ្ងៃ នោះមាន់នឹងស៊ីចំណីធម្មតាឡើងវិញ។
៤. ចំណាប់អារម្មណ៍
ក្រោយពីការប្រើថ្នាំនេះទៅលើមាន់ គាត់សង្កេតឃើញញថា មាន់លែងដើរសំកុក និងមានសកម្មភាពស្វាហាប់ឡើងវិញ ស៊ីចំណីធម្មតា សាច់វាថ្លាល្អ។ លោកពូមានប្រសាសន៍ថា បទពិសោធន៍នេះ អាចជួយដល់កសិករយើងបានច្រើន និងមិនចាំបាច់ចំណាយថវិកាច្រើនឡើយ ចំពោះវត្ថុធាតុដើមគឺមាននៅក្នុងស្រុក។ ដូចនេះ បងប្អូនកសិករ ប្រសិនជួបប្រទះនូវបញ្ហាមាន់ឈឺដូចខាងលើ សូមសាកល្បងបទពិសោធន៍នេះ ពិតជាទទួលបាននូវលទ្ធផលល្អជាមិនខានឡើយ ៕
ឡេម ហាក់