អ៊ុំស្រី យ៉េក អាយុ៥៥ឆ្នាំ ជាកសិកររស់នៅភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានវិធីសាស្ត្រល្អក្នុងការដាំស្ពៃក្រញ៉ាញ់ទទួលបានទិន្នផលខ្ពស់។ ចំពោះវិធីសាស្ត្រនៃការដាំស្ពៃយើងសូមបង្ហាញជូនដូចខាងក្រោម៖
១. ការរៀបចំថ្នាលនិងការសាប
ថ្នាលសម្រាប់សាបគ្រាប់ស្ពៃមានទំហំ ២,៥ម៉ែត្រការ៉េ។ គាត់បានកាប់ជ្រុំដីឲ្យម៉ដ្ឋ និងយកជីកំប៉ុស្តចំនួនមួយអំរែក ទៅបាចពីលើរួចជ្រុំឲ្យសព្វ។ បន្ទាប់ពីរៀបចំថ្នាលរួចគាត់បានយកគ្រាប់ស្ពៃទៅព្រួសលើថ្នាលស្តើងៗដើម្បីឲ្យស្ពៃដុះមកថ្លោសល្អ បន្ទាប់មកកាត់កំទេចចំបើងគ្របពីលើដើម្បីកុំឲ្យខ្ទាតគ្រាប់នៅពេលស្រោចទឹក។ ពេលដាំរួចហើយ គាត់ស្រោចទឹកមួយថ្ងៃពីរដង (ព្រឹកនិងល្ងាច) រហូតដល់កូនស្ពៃមានអាយុ ១០ថ្ងៃ ទើបដកយកទៅដាំនៅលើរង។
២. ការរៀបចំដីសំរាប់ដាំនិងការដាំ
ក្នុងការដាំអ្នកមីងបានកាប់ដីហាលរយៈពេល៧ថ្ងៃ ដើម្បីសម្លាប់មេរោគផ្សិត និងពងសត្វល្អិត។បន្ទាប់មកគាត់បានកាប់ដីត្រឡប់ជ្រុំឲ្យស្មើ និងលើកជារងសំរាប់ដាំ។ ដីសំរាប់ដាំស្ពៃមានទំហំបណ្តោយ ១១ម៉ែត្រ និងទទឹង ១,៥ម៉ែត្រ។ នៅលើរងគាត់ប្រើជីកំប៉ុស្តចំនួន៣អំរែក។
គាត់ដកកូនស្ពៃយកទៅដាំនៅពេលល្ងាចត្រជាក់ ដាំក្នុងចន្លោះគុម្ព១តឹក។ មុនពេលដកកូនស្ពៃយកទៅដាំគាត់បញ្ឈប់ការស្រោចទឹក១ថ្ងៃ ដើម្បីកុំឲ្យកូនស្ពៃអន់ដើម។ ក្រោយពីដាំរួចត្រូវស្រោចទឹកឲ្យសើមជៀសវាងស្រោចជោគខ្លាំងនាំឲ្យកូនស្ពៃអន់ និងទន់ដើម។
៣. ការថែទាំកូនស្ពៃ
គាត់ធ្វើការថែទាំកូនស្ពៃនៅក្នុងរង ដោយស្រោចទឹកមួយថ្ងៃ២ដង (ពេលព្រឹក និងពេលល្ងាច)។ក្នុងមួយសប្តាហ៍ស្រោចទឹកជីកំប៉ុស្តទឹក និងថ្នាំផ្សំពីរុក្ខជាតិសំរាប់កំចាត់សត្វល្អិត២ដង។ ចំពោះវិធីផ្សំការធ្វើជីកំប៉ុស្តទឹក និងថ្នាំសំលាប់សត្វល្អិតមានបង្ហាញជូនដូចខាងក្រោម៖
ក.កំប៉ុស្តទឹក
ធាតុផ្សំ
- ទន្រ្ទានខែត្រចំនួន ៣គីឡូក្រាម
- លាមកមាន់ ១គីឡូក្រាម
- ស្លឹកអង្កាញ់ ១គីឡូក្រាម
- ស្លឹកអង្គាដី ១គីឡូក្រាម
- លាមកគោស្រស់ ១បង្គី
- ទឹក ៥០លីត្រ។
របៀបផ្សំ
យកទន្ទ្រានខែត្រ ស្លឹកអង្កាញ់ អង្គាដី មកចិញ្ជ្រាំឲ្យល្អិតដាក់គរជាគំនរយកលាមកមាន់និងគោ
មកច្របល់បញ្ចួលគ្នាឲ្យសព្វ រួចដាក់ចូលទៅក្នុងពាង និងចាក់ទឹកចូល។ រក្សាទុករយៈពេល១៥ថ្ងៃអាចយកទឹកជីទៅប្រើបាន (ទឹកជីនេះអាចប្រើរហូតដល់អស់មិនខូច)។
របៀបប្រើ
នៅពេលប្រើគាត់ដួសទឹកជី ០,៥លីត្រ លាយជាមួយទឹកធម្មតា ១ធុងស្ពេត្រូ ស្រោចទៅលើបន្លែ។
ទឹកជីនេះគាត់ប្រើក្នុងមួយសប្តាហ៍ ២ដង។
ខ. ថ្នាំផ្សំពីរុក្ខជាតិ
ធាតុផ្សំ. ផ្លែស្លាក់ ផ្លែស្លែង ស្លឹកស្តៅបណ្តូលពេជ្រ ម្ទេសទុំ មើមរំដេង ផ្សំក្នុងបរិមាណស្មើៗគ្នាគឺ ០,៥គីឡូក្រាមក្នុងមួយមុខ និងទឹកប្រមាណ៥លីត្រ។
របៀបផ្សំ. យកធាតុផ្សំទាំងអស់កាប់ចិញ្ច្រាំឲ្យល្អិត ឬដំឲ្យទក់ច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់ចូលទៅក្នុងពាងនិងចាក់ទឹកចូលត្រាំឲ្យលិចធាតុផ្សំ។ បន្ទាប់ពីផ្សំហើយរក្សាទុករយៈពេល១៥ថ្ងៃ គឺអាចយកទឹកជីទៅប្រើបាន។
របៀបប្រើ. នៅពេលប្រើគាត់ដួសទឹកថ្នាំ ១កំប៉ុងទឹកដោះគោ លាយជាមួយទឹកធម្មតា ១ធុងស្ពេត្រូស្រោចទៅលើបន្លែ។ ទឹកថ្នាំនេះគាត់ប្រើក្នុងមួយសប្តាហ៍២ដង ហើយគាត់បានផ្អាកការស្រោចទឹក រយៈពេល ៥ថ្ងៃមុនប្រមូលផល។
៤. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ១ខែ ស្ពៃអាចប្រមូលផលបាន។ នៅលើផ្ទៃដី ១៥ម៉ែត្រការេ គាត់អាចប្រមូលផលស្ពៃបានចំនួន៥០គីឡូក្រាម។ មួយគីឡូក្រាមគាត់អាចលក់បានតម្លៃ៥.០០០រៀល។ ក្រោយពីដាំហើយអ្នកមីងមានប្រសាសន៍ថា ការដែលទទួលបានផលល្អបែបនេះ ដោយសារគាត់ប្រើថ្នាំពុលធម្មជាតិ និងជីកំប៉ុស្តសំរាប់ប្រើបំប៉នផង។ គាត់នឹងបន្តការដាំតាមវិធីសាស្រ្តខាងលើនេះទៀត។
ស៊ិន អង្គារសាធ និង វង្ស សាវឿន