Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / ប្រវត្តិពិធីបុណ្យចូលឆ្នាំខែ្មរ ប្រពៃណីជាតិ

ប្រវត្តិពិធីបុណ្យចូលឆ្នាំខែ្មរ ប្រពៃណីជាតិ

សេចក្តីផ្តើម  

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយនៅសង្គមខ្មែរក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិធំ​ៗចំនួន៣ (បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ អកអំបុក) ដែលពិធី​ទាំងនេះ ជា​បុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរមានតាំងពី​បុរាណកាល​មក ដែលពិធី​បុណ្យទាំងនេះ ត្រូវបាន​ប្រជាជនខ្មែរប្រកាន់ខ្ជាប់ខ្ជួននិងធ្វើការប្រារព្ធ​ឡើង​ជារៀង​រាល់ឆ្នាំមិនដែលខក​ខាន​ឡើយ។ ប៉ុន្តែក្នុង​ចំណោម​​បុណ្យធំៗទាំងបីនេះ មាន​តែពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ទេដែលជាបុណ្យ​ធំជាងគេ ពី​ព្រោះ​ជាឱកាស​ដែល​ប្រជាពលរដ្ឋខ្មែរប្រមូលផលស្រូវ ព្រមទាំងបាន​បញ្ចប់ការបង្កបង្កើនផលទាំង​ឡាយ ពិសេស​ផ្លាស់ឆ្នាំចាស់​ឆ្លងចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ជា​ថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃប្រជាជន​គ្រប់រូប​សែនព្រេនដើម្បីទទួលទេវតាឆ្នាំថ្មី, ថ្ងៃទី២ ជាថ្ងៃ​វ័នប័ត និងថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ហើយ​ក្នុងរយៈ​ពេលបីថ្ងៃនេះ មានការលេងល្បែងប្រជាប្រិយគ្រប់យ៉ាង ហើយក៏មាន​កម្មវិធី​កំសាន្តជាច្រើន​ផ្សេងទៀត ដូចជាមានការរាំកំសាន្តនៅតាម​ភូមិស្រុកនានា​ទូទាំងប្រទេ​សកម្ពុជា។ សំរាប់ឆ្នាំថ្មី ឆ្នាំ២០១៨នេះ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែមេសា។

តើបុណ្យចូលឆ្នាំខ្មែរមានប្រវត្តិ និងដំណើរដើមទងដូចម្តេច? ខាងក្រោមនេះ គឺជាការ​បង្ហាញ​ដោយសង្ខេបអំពី​បុណ្យចូលឆ្នាំខ្មែរ ដើម្បីឲ្យលោកអ្នកបានដឹង។

១-ប្រវត្តិនៃចូលឆ្នាំខ្មែរ

​មានរឿងនិទានមួយ​បានតំណាល​ថា កាលពីព្រេងនាយ មានបុត្រា របស់សេដ្ឋី ដែលជាកុមារម្នាក់ឈ្មោះ​ ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ជ្រៅជ្រះ និងមានបញ្ញាវៀងវៃ ចេះចប់​នូវគម្ពីរត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​ បាន​កសាងប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំនៅ​ឆេ្នរ​ទនេ្ល ​ជា​ទី​លំនៅ​នៃ​បក្សី​ទាំង​ឡាយ​ ធម្មបាល​កុមារ​នោះ ​ចេះ​ស្តាប់​ភាសាបក្សីទាំង​ឡាយទាំង​ពួង​ផង ហើយ​បានក្លាយ​ជា​អាចារ្យ​សមែ្តង​មង្គលផេ្សងៗ​ដល់​មនុស្ស​ ដែលធ្វើឲ្យមនុស្សលោក កោត​សរសើរ​ដល់ធម្មបាលកុមារ ថាជាអ្នកប្រាជ្ញ និងជាអ្នកមានបុណ្យផង។

ដំណឹងនេះ ក៏បានលេចឮដល់ កបិលមហាព្រហ្ម ដែលជាអ្នកមានអំណាច នៅក្នុងចក្រវាឡទាំងមូល។ ព្រះព្រហ្ម ចង់ដឹងយ៉ាងខ្លាំងពីប្រាជ្ញារបស់ធម្មបាលកុមារ ទ្រង់ក៏ចុះពីឋានសួគ៌មក ដើម្បីល្បងប្រាជ្ញាជា​មួយធម្មបាល​កុមារ ពេល​នោះ​កបិលមហាព្រហ្ម បានដាក់ប្រសា្ន ៣ “ខ” ដល់ធម្មបាលកុមារ ដោយ​សន្យា​​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​ នឹង​កាត់ក្បាល​បូជាដល់ធម្មបាលកុមារ​ តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។

ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន ​ដើម្បី​គិតដោះស្រាយ​ប្រស្នា​។ លុះ​កន្លង​ទៅបាន ៦​ថៃ្ង​​​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ ដឹង​ខ្លួន​ថា​ព្រឹក​នេះខ្លួន​នឹងត្រូវ​ស្លាប់ ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។   ដូចេ្នះគួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រា​សាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុកអាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា  វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១,  ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​២,  វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ ហេតុ​នេះ ទើបមនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង ខ៣​។ ធម្មបាល​កុមារ​បាន​ឮ   ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។

ព្រឹក​ឡើង​កបិល​មហាព្រហ្ម ​ក៏​មក​សួរ​ប្រស្នា​ពីធម្មបាល​កុមារ ហើយក៏ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​មក កបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់ ​ដែលជាបាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង ​បើ​ចោលក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល។ ថា​ហើយ កបិលមហាព្រហ្ម ​ក៏​កាត់​ក្បាល​ហុចទៅ​ឲ្យនាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សាក៏​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ ហើយ​ក៏អញ្ជើញ​ទៅ​ប្រតិស្ឋានទុកក្នុង​មណ្ឌល​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា លុះ​ដល់​គម្រប់ ១ឆ្នាំជាសង្រ្កាន្ត​ នាង​ទេពធីតា​ទាំង ៧​ ក៏​ផ្លាស់​វេនគ្នាមក​អញ្ជើញ ក្បាល​កបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណភំ្នព្រះសុមេ​រុ​ រាល់ៗ​ឆ្នាំ ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និងគឿ្រងអាភរណៈ ថ្ងៃទេពធីតាមហាសង្រ្កាន គ្រឿងអាភរណៈ

– ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំ​​កងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ។

– ថ្ងៃចន្ទ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេង ឈើច្រត់ ពាហនៈខ្លា។

– ថ្ងៃអង្គារ រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធ ឆេ្វងធ្នូ ពាហនៈអស្សតរ។

– ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈលា។

– ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី។

– ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់ បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈក្របី។

– ថ្ងៃសៅរ៍ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រី   សូល៍ ពាហនៈក្ងោក។

២-ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ជាថ្ងៃ​វ័ន​បត, ថ្ងៃទី៣ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី ​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ ​គឺ​ក្បួន​មហាសង្ក្រាន្ត​ នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា? ថ្ងៃ​ណា? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំណត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ) ជា​សំខាន់​វិញ ​ហើយកំណត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំណត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែ​ង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ដូចជាឆ្នាំ២០១៨នេះជាដើម។ មហាសង្ក្រាន្ត ​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត ​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទ​គតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នានឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន។ ចំណែក​ឯ​ថ្ងៃចូល​ឆ្នាំ​​​​​​​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួន​កាល​ទៀត​ក្នុង​វេលា​រនោច​​ទៅ​វិញ។  ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ

​​​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន។

៣-ការរៀបចំបុណ្យចូលឆ្នាំ

ចំពោះ​ពិធី​ផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំ​ខ្មែរ​ គឺយើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀបរក​ស្បៀង​អាហារ​ សំអាត​ផ្ទះ​សម្បែង រែកឬ​បូម​​ទឹក​ដាក់​ពាង រក​អុស​ទុក ​កាត់​ឬទិញសំលៀក​បំពាក់​ថ្មីៗ​ជា​ដើម។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ ​គេ​រៀបចំ​គ្រឿង​សក្ការៈ​បូជាសំរាប់​ទទួល​ទេវតា​ថ្មី​មានបាយ​សី​មួយ​គូ, ស្លា​ធម៌​១​គូ, ធូប​៥, ទៀន​៥, ទឹកអប់​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំ   នែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំណែក​ផ្ទះ​សម្បែង​ ផ្លូវចូលបុរី និងផ្លូវសាធារណៈខ្លះនៅតាមរាជធានី ក្រុង ខេត្ត គឺគេ​តុប​តែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូច​ៗ​ចំរុះ​ពណ៌ ឬ​ ចង្កៀង ​គោមគ្រប់​ពណ៌​សំរាប់​ទទួល​ទេវតា​ថ្មី​។

លុះ​ដល់​វេលា​កំណត់​ទេវតាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅមក​អង្គុយ​ជុំ​គ្នានៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន-ធូប ​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេវតាថ្មី។ ចំពោះ​គ្រឿង​សក្ការៈ ​ក៏ដូច​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នោះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍.​ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​ ល្ង សណ្តែក ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ៖

  • ថ្ងៃទី១. គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ពេល​ល្ងាច ​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ

    ឬនៅ​ជុំវិញ​ដើម​ពោធិ៍ណា​មួយ​នៅ​ក្នុង​ទីវត្ត​នោះ។ នៅ​ពេល​ព្រលប់ ​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើនព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា។

  • ថ្ងៃទី២. កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម​។ ជួន​កាល​គេ​ធ្វើ​ទានដល់​មនុស្ស​បំរើ ឬ​អ្នកក្រីក្រ​ទៀត​ផង។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត រួច​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ។
  • ថ្ងៃទី៣. ពេល​ព្រឹក​ និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់, ចោល​ឈូង, ទាញ​ព្រ័ត្រ, លាក់​កន្សែង, ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប និងសព្វថ្ងៃមាននៅភ្នំពេញខ្លះ) ពិសេស​ទៀត ​គឺ​រាំ​វង់​តែ​អា​ស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​​ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​​ទាន​តាម​វត្ត​អារាម។

៤-វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់»។ ការ​ពូន​ភ្នំនេះ ​​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅចំក​ណ្តា​ល​​​​​​​​​​​ទីធ្លា​ ដែល​គេ​បាន​កំណត់ រួចពូនឲ្យ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» តំណាង​ឲ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ។ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ តែចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ៤ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង៤។ នៅ​ជុំវិញ​ភ្នំ​ គេ​មាន​ធ្វើរាជ​វ័ត តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារចេញ​ចូល​តាម​ទិស​ធំ​ទាំង៤។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង៨។ នៅ​លើ​រាន​ទេវតា​នីមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​, បាយ​សី​មួយ​ថ្នាក់មួយ​គូ, ទៀន​៥, ធូប​៥, ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវ័ត គេ​រៀប​រាន​ធំៗ​បី​ទៀតសម្រាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាល​ខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។

៥-រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្ស ដែលបានកសាងបុណ្យកុសលក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបានផ្ងូត (ងួត) ទឹកឲ្យមាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាស​ដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខ​គ្រប់យ៉ាង៕

 

សហគមន៍សម្បូរសប្បាយ     

រៀបរៀងនិងកែសម្រួលដោយ ប៉ោ សេដ្ឋា      

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ប្រទះឃើញបដិមាព្រះសិរលោកេស្វរៈ១ ពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ

បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរា​ធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ នេះជាព័ត៌មានគេហទំព័រអាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយ។