Home / កសិកម្ម / បទពិសោធន៍ជោគជ័យក្នុងការធ្វើស្រូវក្រអូបសរីរាង្គ

បទពិសោធន៍ជោគជ័យក្នុងការធ្វើស្រូវក្រអូបសរីរាង្គ

ទិដ្ឋភាពធ្វើស្រូវសរីរាង្គ                

ប្អូនប្រុស  ពៅ យា ជាកសិកររស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានបទពិសោធន៍ក្នុងការធ្វើស្រូវក្រអូបសរីរាង្គ (ស្រូវដែលមិនប្រើជី និងថ្នាំពុលគីមី) តាមគោលការណ៍ ប.វ.ស. ទទួលបានលទ្ធផលល្អ។ ប្អូនបានអនុវត្តការដាំដុះនេះនៅលើដីចំនួន ១០អារ ដែលទទួលផលបានចំនួន ៥០០គីឡូក្រាម។ចំពោះផ្ទៃដីដដែលនេះបើប្អូនអនុវត្តតាមធម្មតាទទួលផលបានតែចំនួន ២០០គីឡូក្រាមតែប៉ុណ្ណោះ។ បទពិសោធន៍នៃការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖

១. ចំណុចសំខាន់ៗនៃការធ្វើស្រូវសរីរាង្គ

 

ស្រូវសរីរាង្គកំពុងបែកគុម្ព             

ដើម្បីឲ្យការធ្វើស្រូវក្រអូបសរីរាង្គបានផលល្អ គឺគាត់បានអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចជា៖

  • ការជ្រើសរើសពូជ

គាត់បានធ្វើការជ្រើសរើសពូជ ដែលឈប់ប្រើប្រាស់ជីគីមីរយៈពេល ៣ឆ្នាំមកហើយ គឺជាពូជស្រូវក្រអូបមានឈ្មោះថា ពូជផ្កាម្លិះ។

  • ការរៀបចំដី

គាត់ជ្រើសរើសដីធ្វើស្រែ ដែលជាដីមិនធ្លាប់ប្រើជីគីមីអស់រយៈពេលជាង៣ឆ្នាំមកហើយ។ ក្នុងការរៀប​ចំ​ដី គាត់បានភ្ជួរចំនួន ៣សា។ នៅលើកទី១ គឺមុនភ្ជួរ គាត់យកស្លឹកឈើដែលបានច្រកការុងទុកតាំងពីរដូវប្រាំងចំនួន ១០ការុង និងលាមកសត្វពុកផុយចំនួន ២ការុង មកពង្រាយនៅលើដីឲ្យសព្វមុននឹងភ្ជួរលុប។បន្ទាប់មកទុករយៈពេល ៤ ទៅ ៦ថ្ងៃ ទើបភ្ជួរត្រឡប់ឡើងវិញរាស់ឲ្យស្មើ។ លើកទី២ មុនភ្ជួរគឺយកទន្រ្ទានខែត្រស្រស់មកចិញ្ជ្រាំឲ្យល្អិតពង្រាយឲ្យពេញស្រែទើបភ្ជួរលុបម្តងទៀត ហើយរក្សាទុករយៈពេល ៣​អាទិត្យ ដើម្បីឲ្យស្លឹកទន្រ្ទានខែត្ររលួយ។ ធ្វើដូចនេះ ដីនឹងមានជីជាតិគ្រប់គ្រាន់។

  • ការស្ទូងស្រូវ

គាត់ជ្រើសរើសយកសំណាបដែលមានអាយុ ១៥ ទៅ ១៨ថ្ងៃ ទៅស្ទូងនៅលើដីចំនួន ១០អារ

ដោយធ្វើការស្ទូងមួយដើមៗនិងស្ទូងចន្លោះគុម្ព ២,៥ ទៅ ៣តឹក។

ដំណើរទស្សនកិច្ចសិក្សានៅស្រែប្អនប្រុស ពៅ យា

២. ការប្រមូលផល

នៅលើដី ១០អារ​ គាត់អាចទទួលផលបានចំនួន ៥០០គីឡូក្រាម (ឬ ៥តោនក្នុងមួយហិកតា)។​ បើប្រៀបធៀបជាមួយនឹងការធ្វើតាមទំលាប់វិញ គឺនៅលើផ្ទៃដីដដែលនេះអាចប្រមូលផលបាន ២០០គីឡូក្រាមតែប៉ុណ្ណោះ។

៣. ចំណាប់អារម្មណ៍

ក្រោយពីការធ្វើស្រូវក្រអូបសរីរាង្គ ប្អូនប្រុសមានចំណាប់អារម្មណ៍ថា​ ទិន្នផលទទួលបានលើសពីធម្មតា ២ ទៅ ៣ដង។ ដូចនេះការធ្វើស្រូវក្រអូបសរីរាង្គ បានចូលរួមជួយដល់គ្រួសារគាត់បានច្រើន ពិសេសគាត់មានចិត្តសប្បាយរីករាយនូវលទ្ធផលដែលទទួលបាន។ ក្រៅពីនេះគាត់សូមផ្តាំផ្ញើទៅដល់កសិករផ្សេងទៀតឲ្យចូលរួមធ្វើស្រូវ​ ប.វ.ស. សរីរាង្គនេះឲ្យបានច្រើន ពីព្រោះវាជួយដល់សុខភាពមនុស្ស ជាពិសេសលក់បានថ្លៃជាងស្រូវប្រើជីគីមី ហើយមិនត្រូវការចំណាយលើការទិញជីនិងថ្នាំពុលគីមីពីខាងក្រៅ។

ចំណុចសំខាន់ៗក្នុងការធ្វើស្រូវក្រអូបសរីរាង្គ

  • សម្អាតនង្គ័លឲ្យស្អាត មុននឹងភ្ជួរដីស្រែដែលត្រូវធ្វើស្រូវសរីរាង្គ
  • ការពារទឹកពីស្រែធម្មតាហូរចូលក្នុងស្រែដែលធ្វើស្រូវសរីរាង្គ
  • ប្រើជីធម្មជាតិឲ្យបានច្រើន ដើម្បីឲ្យអង្ករមានរសជាតិឆ្ងាញ់
  • ការដាំដំណាំផ្សេងៗនៅលើដីស្រែសរីរាង្គក៏មិនត្រូវប្រើជីគីមី និងថ្នាំពុលគីមី
  • ស្គាល់ពីប្រភពពូជស្រូវ បានច្បាស់លាស់ និងពូជស្រូវត្រូវជ្រើសរើសឲ្យបានសុទ្ធល្អ។

ពាន សុខា និង ស៊ិន អង្គារសាធ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖