Home / កសិកម្ម / បទពិសោធន៍ដាំដំណាំខាត់ណាផ្កា

បទពិសោធន៍ដាំដំណាំខាត់ណាផ្កា

             ផ្កាខាត់ណានៅពេលប្រមូលផលរួច

លោកពូ តាំង នី ជាកសិកររស់នៅស្រុកស្អាង ខេត្តកណ្តាល គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំខាត់ណាផ្កាជាច្រើនឆ្នាំកន្លងមកហើយ ដែលបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម ៖

១.បចេ្ចកទេសដាំដុះ

ក.ថ្នាលបណ្តុះកូន.លោកពូបានរៀបចំដីសាបគ្រាប់ ដោយកាប់ដីដំបំបែកវាឲ្យម៉ដ្ឋលើកជារងដែលមានទទឹង១,២ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដីហើយហាលរយៈពេល ២ថ្ងៃ ទើបយកលាមកគោពុកផុយច្របល់ជាមួយដីបង្កប់ទៅក្នុងរង។ មុននឹងសាបត្រូវយកគ្រាប់ពូជទៅត្រាំទឹករយៈពេល ៤ម៉ោង ខ្ចប់ក្រណាត់ ហើយផ្សើមជាមួយនឹងទឹករយៈពេល ១២ម៉ោង រហូតដល់ដុះពន្លក ឬបែកមាត់ចាបទើបយកទៅព្រោះនៅលើថ្នាលបាន។ គាត់បានយកគ្រាប់ពូជលាយជាមួយផេះទៅសាប ដើម្បីឲ្យគ្រាប់បានស្មើដៃ និងស្តើងល្អ ហើយខាត់ណា ដែលដុះមកកូនថ្លោសល្អ។ មុននឹងសាបគាត់ស្រោចទឹកឲ្យជោគទុករយៈពេល ១៥នាទី បន្ទាប់មក យកគ្រាប់ពូជ ដែលបានត្រាំហើយយកទៅសាបនៅលើថ្នាលបណ្តុះកូន ត្រូវធ្វើដំបូលការពារដើម្បីកុំឲ្យកូនដំណាំត្រូវពន្លឺខ្លាំងពេក និងអាចការពារកុំឲ្យត្រូវទឹកភ្លៀង។ ក្រោយពីសាបគ្រាប់រួច ត្រូវយកផេះទៅរោយពីលើបន្ថែមទៀត ដើម្បីការពារកុំឲ្យសត្វល្អិតចូលស៊ីគ្រាប់។ ការស្រោចទឹកត្រូវធ្វើ ១ ថ្ងៃ ២ដង។លុះដល់ពេលកូនខាត់ណាមានស្លឹក ២ ទៅ ៣ ទើបបន្ថយទឹក។

ខ.ការរៀបចំដីដាំ.  ដើម្បីដាំខាត់ណាផ្កាឲ្យបានល្អ គាត់បានកាប់ដីហាលចោលរយៈពេល ២-៣ថ្ងៃមុននឹងលើករង ដើម្បីកំចាត់ស្មៅចង្រៃ សត្វល្អិត ជំងឺ ព្រមទាំងធ្វើឲ្យដីធូរ និងផុសល្អ។​ក្រោយពីហាលដីបានស្ងួតល្អហើយ គាត់បានលើករងដាំដោយមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី។ នៅលើរងដាំដំណាំ គាត់បានដាក់ជីលាមកគោ សំរាប់ទ្រាប់បាត និងកាប់ត្រឡប់ចុះឡើង រួចវាយដីឲ្យម៉ដ្ឋល្អ ទើបយកកូនខាត់ណាទៅដាក់ដាំ។

គ.ការដាំ.  នៅពេលកូនខាត់ណាមានអាយុ ២៣​ថ្ងៃ​ អាចដកយកទៅដាំបាន។ មុនដាំគាត់បានស្រោចទឹកលើរងឲ្យជោគដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស។ រួចទុករយៈពេល ២០នាទីទើបដកកូនខាត់ណា ដែលថ្លោសល្អ យកទៅដាំនៅលើរង។ ចន្លោះពីគុម្ពមួយទៅមួយគួរមានប្រវែង ០,៥តឹក និងពីជួរមួយទៅជួរមួយប្រវែង ០,៦តឹក។

 

             កូនខាត់ណាត្រៀមយកទៅដាំ

២.ការថែទាំ

ចំពោះខាត់ណាផ្កា គឺត្រូវការថែទាំឲ្យបានដិតដល់ដូចជាការស្រោចទឹក ដាក់ជីបំប៉ន ធ្វើស្មៅគ្រប    គល់។ល។

  • ក្រោយពីដាំហើយ គាត់បានយកកំទេចចំបើងទៅគ្របនៅតាមចន្លោះគុម្ព ដើម្បីជួយរក្សាសំណើម និងធ្វើឲ្យកូនខាត់ណាផ្កាដុះលូតលាស់បានល្អ
  • ចំពោះការស្រោចទឹកមានពីររបៀប នៅពេលកូនខាត់ណាផ្កាអាយុបាន ១៥ថ្ងៃ​ក្រោយពីដាំ។គាត់ប្រើធុងផា្កឈូកស្រោចពីលើដើម្បីកុំឲ្យកូនខាត់ណាអន់ដើម។ ប៉ុន្តែចាប់ពីអាយុ​ ១៥ថ្ងៃឡើងទៅគាត់ប្រើទុយោសំរាប់ស្រោចវិញ
  • ការដាក់ជីបំប៉នធ្វើឡើងក្រោយពីដាំបានអាយុ ២៥ថ្ងៃ ដោយដាក់លាមកគោពុកផុយ នៅតាមចន្លោះជួរកូនខាត់ណា ដោយធ្វើយ៉ាងណាកុំឲ្យប៉ះដល់ឫស
  • ចំពោះការកំចាត់សត្វល្អិត គាត់ប្រើវិធីចាប់ដោយប្រើដៃ និងប្រើស្បៃព័ន្ធជុំវិញចំការ។

៣.ការប្រមូលផល

នៅលើផ្ទៃដីទំហំ ១៨០០ ម៉ែត្រការ៉េ គាត់ដាំបានប្រមាណជា ៣០០០គុម្ព។ ហើយនៅក្នុងផ្កាខាត់ណាចំនួន ៣ផ្កាមានទំងន់ប្រមាណជា ១គីឡូក្រាម។ និងក្នុងមួយគីឡូក្រាមគាត់លក់បោះដុំ បានប្រមណជា២០០០រៀល។​ ចំពោះខាត់ណាផ្កាប្រមាណជា៣០០០គុម្ព គាត់ទទួលបានផលសរុបប្រមាណជា៦៥០ គីឡូក្រាម​សរុបប្រាក់ចំណូលទទួលបានប្រមាណជា ១,៣លានរៀល៕

 

ខៀវ  ដារ៉ា   

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖