Home / កសិកម្ម / បទពិសោធន៍ធ្វើថ្នាំកម្លាំងគោ

បទពិសោធន៍ធ្វើថ្នាំកម្លាំងគោ

កសិករ ផុល ភាព អាយុ៣១ឆ្នាំ គាត់ជាគ្រួសារគោលដៅម្នាក់ក្នុងគម្រោងបក្សីភ្នំរីករាយ ដែលសព្វថ្ងៃគាត់រស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ គាត់មានប្រសាសន៍ថា នៅពេលដែលគោរបស់គាត់ឈឺ មិនស៊ីចំណី ស្គម គ្រុនក្តៅ ឬរាគ គាត់តែងតែប្រើថ្នាំកម្លាំងនេះឲ្យគោគាត់ផឹកដើម្បីឲ្យវាស៊ីចំណី និងមានកម្លាំងឡើងវិញ។

គាត់បានបន្តទៀតថា បទពិសោធន៍ធ្វើថ្នាំកម្លាំងគោនេះ គឺ គាត់ចេះតមកពីឪពុកម្តាយរបស់គាត់ ដែលមានបង្ហាញជូន ដូចខាងក្រោម៖

   ពាងថ្នាំ និងបំពង់ឫស្សីសំរាប់ច្រកថ្នាំឲ្យគោ

១-ធាតុផ្សំ. ដើមបណ្ដូលពេជ្រប្រមាណ២ទៅ៣គីឡូ​ក្រាម​, ទឹកនោមគោ១៥លីត្រ និងអំបិល១ក្តាប់។

២-សម្ភារៈសម្រាប់ធ្វើ. ធុងប៉េត្រូ១ ឬកូនពាងដែលអាចដាក់​ទឹកបាន១៥លីត្រ ឈើសម្រាប់កូរ និងបំពង់ឫស្សីសំរាប់បញ្ច្រកថ្នាំឲ្យគោផឹក។

 

៣-របៀបធ្វើ និងវិធីប្រើប្រាស់

 

របៀបធ្វើ. យកបណ្ដូលពេជ្រមកកាត់ជាកំណាត់ រួចយកទៅដាក់ត្រាំជាមួយនឹងទឹកនោមគោ បន្ទាប់មកយកអំបិលមួយក្តាប់ដាក់ចូល ហើយកូរវាមួយថ្ងៃម្តង។ រក្សាទុកទឹកថ្នាំនេះក្នុងម្លប់រយៈពេលមួយអាទិត្យទើបអាចយកទៅឲ្យគោផឹកបាន។

របៀបប្រើ. ច្រកម្តង១លីត្រឲ្យគោផឹកពី ១ ទៅ ៣ដងក្នុងមួយថ្ងៃ ដោយអាស្រ័យលើស្ថានភាពសុខភាពជាក់ស្តែងរបស់គោ។ រយៈពេលដំបូងអាចច្រក៣ដងក្នុងមួយថ្ងៃ ក្រោយមកទៀតច្រកមួយដងក្នុងមួយថ្ងៃ។ កាលណាយើងច្រកបែបនេះបានរយៈពេលមួយអាទិតយ្យ នោះនឹងឃើញគោចាប់ផ្តើមប្រែប្រួលស៊ីចំណីឡើងវិញជាធម្មតា។

៤-ចំណាប់អារម្មណ៍

បន្ទាប់ពីបានប្រើនូវថ្នាំប៉ូវនេះ លោកពូមានប្រសាសន៍ថា គោរបស់គាត់មានកម្លាំងស៊ីស្មៅច្រើន ហើយថ្នាំនេះមានប្រសិទ្ធភាពចំពោះជំងឺគ្រុនក្តៅ ស្គមស្គាំង និងរាគ។ ដូចនេះ បើបងប្អូនកសិករមានជួបប្រទះនូវស្ថានភាពជំងឺគោដូចខាងលើ គួរធ្វើការសាកល្បងប្រើប្រាស់ថ្នាំដូចគាត់ដែលបានរៀបរាប់នោះពិតជាអាចទទួលបាននូវលទ្ធផលជាមិនខាន៕

អ្នកស្រី វ៉ាន់ ចតុវីស៍   

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។