
ជាទូទៅ កសិករចិញ្ចឹមមាន់ច្រើនតែទុកមេមាន់ ឲ្យបណ្ដើរកូនរហូតដល់វាឈប់ដោយខ្លួនឯងដោយគាត់យល់ថាឃើញថា វាល្អ ហើយជាធម្ម-ជាតិរបស់វាស្រាប់។ ប៉ុន្តែជាលទ្ធផល ឃើញថា ការធ្វើបែបនេះតែងតែធ្វើឲ្យកូនមាន់ងាប់អស់ច្រើន ពីព្រោះពេលកូនមាន់នៅតូច វាអុំអាចដើរទាន់មេរបស់វាទេហើយតែងតែងាប់ជាបណ្ដើរៗ។ ដោយឡែកអ្នកមីង សួស ភឿន រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវែលវែង ខេត្តពោធិសាត់ បានទទួលភាពជោគជ័យនិងពេញចិត្តក្នុងការថែទាំកូនមាន់ឲ្យឆាប់ធំ។
១-ការថែទាំកូនមាន់
ក្រោយពីដាក់មេមាន់ពីសំបុកមកបានរយៈពេល ១០-១៥ថ្ងៃ កូនមាន់មានភាពរឹងដៃជើងហើយនោះ គាត់ក៏ចាប់ផ្តើមបំបែកកូនមាន់ពីមេ ដោយយកកូនមាន់មកដាក់ក្នុងទ្រុងសំណាញ់ដែលបានរៀបចំរួចជាស្រេចទុកជាមុន។ ការបំបែកកូនមាន់យ៉ាងនេះ ដើម្បីឲ្យមេមាន់ឆាប់ពងបន្ត និងពិសេសងាយស្រួលក្នុងការថែទាំកូនមាន់ឲ្យជៀសផុតពីសត្វចង្រៃខាំ និង ដើរពាសវាលពាសកាល។

២-ការថែទាំ និងផ្តល់ចំណី
ពេលមាន់នៅតូច គាត់ផ្តល់ចំណីចុងអង្ករ និងកណ្តៀរមួយថ្ងៃ៣ដង ទឹកដាក់ជាប្រចាំដែលមានត្រាំថ្នាំបុរាណដូចជា គល់ស្លឹកគ្រៃ និងសំបកស្តៅ។
ពិនិត្យមើលបើកូនមាន់ណាឈឺ ត្រូវចាប់វាចេញយកមកព្យាបាល, ក្រោយពីព្យាបាលរួច ទើបយកវាឲ្យទៅនៅក្នុងហ្វូងវិញ។ មួយថ្ងៃបើកទ្រុងលែងឲ្យមាន់ដើរលេងមួយដងរយៈពេល ២ទៅ៣ម៉ោងនៅពេលរសៀលក្នុងបរិវេណដែលមានរបងការពារជុំវិញ។
៣-ចំណាប់អារម្មណ៍
បន្ទាប់ពីមានការរៀបចំបែបនេះរួចមក បានរយៈពេល ២ខែ គាត់សង្កេតឃើញថា មាន់របស់គាត់ឆាប់ធំ ពុំសូវមានជំងឺ និងងាប់ដូចពីមុនទៀតទេ។ ក្រោយពីទទួលបាននូវលទ្ធផលបែបនេះ គាត់មានការសប្បាយចិត្តច្រើន អ្នកមីងបានមានប្រសាសន៍ថា រយៈពេលតែ៤ខែ គាត់នឹងអាចចាប់ផ្តើមលក់បានជាបណ្ដើរៗហើយ។ ជាសរុប មាន់របស់គាត់មានចំនួនជាង ២៦០ក្បាល៕
អ៊ី ណារ៉ុន