ស្លឹកតយ ជារុក្ខជាតិពពួកស្មៅងាយដាំ ដែលដុះលូតលាស់បែកចេញជាគុម្ពធំៗ មានឫស គល់ និងដើម ដែលមានធាង និងស្លឹកបែកសាខានផុតពីដី។ ស្លឹកវាមានពណ៌បៃតងរាងទ្រវែងស្រួចនៅខាងចុង។ក្នុងខណៈពេលយកស្លឹកស្រស់ទៅឈ្លី វាមានក្លិនក្រអូប។ គេនិយមយកក្លិនចេញពីស្លឹករបស់វាទៅដាក់នៅលើនំចំណីនានា និងបបរសឲ្យមានក្លិនក្រអូបប្រហើរគួរឲ្យចង់ទទួលទាន។ ស្លឹកតយ គឺផ្ទុកទៅដោយសារធាតុប្រេងក្រអូប មានគុណតំលៃលើម្ហូបអាហារ មានសារធាតុក្លរ៉ូហ្វីល ជួយកាត់បន្ថយអាការៈស្រេកទឹក ជួយទ្រទ្រង់បេះដូង និងធ្វើឲ្យមានភាពស្រស់ស្រាយ។ ក្រៅពីនេះ វាក៏មានសារធាតុអំបិលខនិជ និងកាល់ស្យូម។ ឯឫសរបស់វាប្រើប្រាស់ធ្វើជាថ្នាំឲ្យបត់ជើងតូច (ជុះនោម)បានស្រួល ឬក៏ប្រើសំរាប់ព្យាបាលជំងឺទឹកនោមផ្អែម។ សំរាប់ស្លឹកតយស្រស់អាចយកមកព្យាបាលរោគមាស់សើស្បែកផងដែរ។
ក្រៅពីនេះ ប្រសិនបើយកស្លឹកតយខ្ចីស្រស់ចំនួន ៤សន្លឹក និងស្លឹករាងទុំ ៨សន្លឹក ស្ងោររម្ងាស់ជាមួយទឹក ១លីត្ររយៈពេល ១៥នាទី រួចពិសាក្នុងពេលក្ដៅអ៊ុនៗ កន្លះកែវទាំងពេលព្រឹក ថ្ងៃ និងល្ងាចនឹងជួយបណ្ដេញជាតិកំបោរនៅតាមសន្លាក់ដៃជើង អាចឲ្យយើងដើរបានស្រួល ដោយមិនមានការឈឺតាមសន្លាក់ ហើយក៏ជាប្រភេទឱសថជួយលាងជាតិពុលក្នុងរាងកាយផងដែរ។
លោកអ្នក ត្រូវស្ងោររម្ងាស់ពិសាបន្តបន្ទាប់គ្នារយៈពេល ៣ថ្ងៃ រំលងបានមួយសប្ដាហ៍ ទើបស្ងោរពិសាបន្ត បើលោកអ្នកធ្វើបែបនេះជារឿយៗ រាងកាយរបស់លោកអ្នកនឹងមានសុខភាពល្អជាមិនខាន។ យកល្អ លោកអ្នកគួរដាំរុក្ខជាតិតយនេះនៅតាមផ្ទះរបស់ខ្លួន៕
សហគមន៍សម្បូរសប្បាយ