Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / ប្រវត្តិ របាំរាំវង់-រាំក្បាច់

ប្រវត្តិ របាំរាំវង់-រាំក្បាច់

សហគមន៍សម្បូរសប្បាយ

សេចក្តីផ្តើម

រាំវង់​ និងរាំក្បាច់ មិនខុសពីល្បែងប្រជាប្រិយប៉ុន្មានឡើយ ដូចជាចោលឈូង លាក់កូនខ្លែក លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ស្ដេចចង់ជាដើម) គឺប្រជាជនខ្មែរនិយមនាំ​គ្នាលេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យប្រពៃណីនានា ​ពិសេសគឺ​បុណ្យចូលឆ្នាំខ្មែរ ។

របាំប្រជាប្រិយរាំវង់ និងរាំក្បាច់ គឺ​ប្រភេរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេសខ្មែរ ទោះនៅទី​ក្រុងក៏ដូច​ជា​នៅជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ ​គឺទទួល​ការពេញ​និយម​ទាំងអស់​និងនៅដែនដីអតីតរបស់ខ្មែរ (ខ្មែរក្រោម និងខ្មែរលើ)។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុង​ការរៀប​ចំសម្ដែង។ ​អាស្រ័យហេតុនេះហើយ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាហ្មឺនសព្វមុខមន្ត្រី​រហូត​ដល់ប្រជារាស្ត្រ ទាំងក្មេងទាំងចាស់ ប្រុសស្រីចេះ​រាំរបាំនេះស្ទើរ​តែគ្រប់ៗ​គ្នា។

ពាក្យ «រាំវង់»

       ជនជាតិ «ទំពួន» រាំវង់ នៅភូមិកាចូនក្រោម

គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺគេ​រាំ​បន្តគ្នាជារង្វង់មូល។ ហើយជារបាំ    សំរាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ​ពីការបំពេញពលកម្ម ឬប្រកបរបរ​ចិញ្ចឹម​ជីវិត​។ សិល្បៈរបាំរាំវង់នេះ មានអាយុច្រើនសតវត្សណាស់មកហើយនៅលើទឹកដីនៃមាតុភូមិខ្មែរ។ ព្រោះតាំងពី​បុរាណ​ដ៏យូរលង់ ទាំងជនជាតិខ្មែរ ទាំងជនជាតិ​ឯទៀតៗ​ដែលស្ថិតក្នុង​អម្បូរ​ជា​មួយគ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ…​ក៏មានទំនាក់ទំនងជាមួយសិល្បៈរាំវង់ ឬជារង្វង់មូលនេះ​​ដែរ។

បងប្អូនជាជនជាតិខ្មែរលើ នៅភូមិភាគឦសាននៃប្រទេស និងតំបន់នៃភ្នំដទៃទៀត ​​និយមរាំលេង​កម្សាន្ត​នៅ​ជុំវិញភ្នក់ភ្លើងនាពេលរាត្រី។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ គឺមានជាច្រើនពាន់​ឆ្នាំមក​ហើយ ហើយដែលមាន​សេស​សល់​រហូតដល់បច្ចុប្បន្ននេះ។

ភូមិ​កាចូន​ក្រោម​ មានទីតាំងស្ថិត​នៅក្បែរដង​ទន្លេសេសាន​ក្នុងទឹកដី​ឃុំ​វ៉ឺនសៃ ស្រុក​វ៉ឺ​ន​សៃ ខេត្ត​រតនគិរី​។ ភូមិ​នេះ គឺ​ប្រមូលផ្តុំទៅ​ដោយ​ជនជាតិដើមភាគតិច «ទំ​ពួន» ជាច្រើន​គ្រួសារ​រស់នៅ​ប្រកប​របរ​ធ្វើស្រែ​ចំការ បរបាញ់ និង​នេសាទ​ជាដើម​។  ទោះបី​សព្វថ្ងៃ សង្គម​រស់នៅ​របស់​ជ​ន​ជាតិ​ដើមភាគតិច​នៅ​ក្នុង​ទី​ភូមិ​នេះ មាន​ការប្រែប្រួល​ទៅតាម​សម័យកាល​រីកចម្រើន​ក្ដី ក៏​ជា​ទូទៅ​ពួកគេ​នៅតែ​រក្សាបាន​នូវ​លក្ខណៈ​ប្រពៃណីនិង​ទំនៀមទម្លាប់​របស់​ខ្លួន​បានល្អ​ ពិសេស​ទាក់ទង​នឹង​ការ​ស្លៀកពាក់ និង​រាំ​កម្សាន្ត​ក្នុងពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី​។

ក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតា

ពិធីលេងអារក្ខ និងពិធីឡើងអ្នកតា ជាជំនឿខ្មែរ ដែលមាន​តាំងពីយូរលង់​ណាស់​មក​ហើយ មុនសម័យ

ដែលព្រាហ្មណ៍សាសនា និងពុទ្ធសាសនាហូរចូលមកទឹកដីខ្មែរទៀត គឺតាំងពី​មុន ​៣០៩​ឆ្នាំ​មុនគ.ស.ទៅទៀត (ព្រះតេជគុណ ប៉ាង ខាត់)​។ ជនជាតិខ្មែរ តែងនាំគ្នាសង់​រោង​តូចមួយ​ដោយមាន​ធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូបមេមត់ (អ្នកចូលរូប) តែង​តែរាំជា​រង្វង់មូល​នៅជុំវិញរោង​នោះក្នុង​ពេល​​ប្រារព្ធពិធីលាងអារក្ខនេះ។

ពិធីកាប់ក្របីថ្វាយអ្នកតា

ពិធីកាប់ក្របីថ្វាយអ្នកតានេះ គឺជារបស់បងប្អូនជនជាតិដើមភាគតិច ព្នង គ្រឹង ទំពួន ដែលមានអាយុ​តាំងពី​ច្រើនពាន់ឆ្នាំមកហើយ ព្រមទាំងមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ហើយដែល​បងប្អូន​ជនជាតិទាំងនោះ បានថែរក្សាឲ្យនៅគង់វង្ស​រហូតដល់សព្វថ្ងែនេះ ក៏គេមាន​ទម្លាប់​រាំជារង្វង់​មូលដែរ។

រាំវង់ភូមិថ្មី

បងប្អូនជនជាតិដើមភាគតិច ព្រៅ ព្នង គ្រឹង ទំពួន នៅប្រកាន់ខ្ជាប់ទំនៀមទំលាប់​ «រាំវង់ភូមិថ្មី» ដែលជា​ភា​សាជនជាតិនិយាយថា «​រាំវង់ស្រុកហាន់ទើម»។ របាំរាំវង់ភូមិថ្មី គេមាន​ទម្លាប់ធ្វើនៅពេលប្ដូរភូមិ​ ពីភូមិចាស់ទៅរស់​នៅ​ក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេល​ពី ៣ទៅ​​៧​ឆ្នាំ មុននឹងប្ដូរភូមិ ឬចាកចេញពីភូមិចាស់ ​មេ​កន្រ្ទាញ​និងចាស់ទុំក្នុង​ភូមិ តែងនាំគ្នាធ្វើ​ពិធី​ផ្សងទៅតាមជំនឿរបស់ខ្លួនដើម្បីរកកន្លែងថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបាន។ ពេលផ្សង​រើសកន្លែង​ថ្មីបានហើយ ទើបគេនាំ​គ្នា​ធ្វើពិធីកំណត់ឆ្នាំសម្រាប់ចូលទៅរស់នៅ គឺធ្វើឲ្យដឹងថា តើពួក​គេអាច​រស់នៅបានប៉ុន្មានឆ្នាំនៅនឹងភូមិថ្មីនោះ? ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនោះ ប្រព្រឹត្តទៅដោយ​មេកន្រ្ទាញ ​និងចាស់ទុំក្នុងភូមិ ដោយយកប្រទាលមកចិត​ទម្លាក់មក​លើដីចំនួនប្រាំពីរចំណិត។ បើ​ប្រទាល​នេះ ក្រឡាប់ប៉ុន្មានចំណិតនោះ គេជឿថា គេអាចរស់នៅ​ក្នុងភូមិថ្មីនោះ​បាន​ប៉ុណ្ណឹង​​ឆ្នាំដែរ ពោលគឺតាមចំនួនចំណិតប្រទាលដែលក្រឡាប់នោះ។ ឧទាហរណ៍ ​បើប្រទាល​ដែលចិត​នោះ​ក្រឡាប់​​បី ឬប្រាំចំណិត នោះគេអាចរស់នៅទីនោះបានបី ឬប្រាំឆ្នាំដែរ។​ ជំនឿនេះមានតាំង​ពី​បុព្វេយូរលង់ណាស់មក​ហើយ​រហូត​មកដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សងរកដីថ្មី​បានហើយ ​មេកន្រ្ទាញក៏ប្រកាសឲ្យអ្នកស្រុកអ្នកភូមិ​​​​​រុះរើពីភូមិចាស់ទៅ​រៀបចំផ្ទះសម្បែងនៅភូមិថ្មី។ នៅពេលនាំ​គ្នាចូលទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្ដែងរបាំរាំវង់ភូមិថ្មីនេះមុនគេបង្អស់។  អ្នកស្រុក​អ្នក​ភូមិ មានស្រីមានប្រុសនាំគ្នារាំជាគូ (តាមប្រពៃណីដូនតា តៗគ្នារហូតដល់បច្ចុប្បន្ន ដែលមាន​ជំនឿថា នឹងនាំឲ្យគេគ្រប់ៗគ្នាបានសេចក្ដីសុខចម្រើន)។

សរុបមក ការរៀបរាប់ខាងលើនេះ របាំរាំវង់នៅប្រទេសខ្មែរនេះ គឺមានតាំងពីយូរ​លង់ណាស់​មក​ហើយ និងជារបាំដែល​ជាប់នឹងពិធីប្រពៃណី។ ចំណេរកាលក្រោយមក ទើបក្លាយ​ទៅជា​របាំ​ប្រជាប្រិយដែលមានការនិយមចូលចិត្ត​ពីគ្រប់​មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល​។ ហើយ​ក្រោយមកទៀត ក្នុងពេលដែលប្រទេសជិតខាងមានសៀម (ថៃ)​ និង​លាវ (ឡាវ) បានចាប់កំណើតឡើង របាំរាំវង់នេះ ​ក៏ដូចជាទម្រង់សិល្បៈឯទៀតៗដែរ  បានហូរចុះហូរឡើង ​ឬក៏ជះឥទ្ធិ​ពលឆ្លងគ្នាទៅ​វិញទៅមក​រវាង​ខ្មែរនិងលាវ, ខ្មែរនិងសៀម ពិសេសនៅគ្រប់តំបន់ជាប់ព្រំដែន និងតំបន់ដែលមានប្រជាជន​ខ្មែរ-លាវ ឬខ្មែរ-សៀមរស់នៅលាយឡំគ្នាច្រើននោះ។

          បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មានពីចាស់ទុំជាច្រើន បានបញ្ជាក់ថា នៅ​ប្រទេសខ្មែរ របាំប្រជាប្រិយរាំវង់ និងរាំក្បាច់បានរីកចម្រើន​យ៉ាងខ្លាំងនៅ​ក្នុង​សតវត្សទី២០ និងទី២១នេះ ពិសេសគឺតាំងពីពេល​ដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់​ក្នុង​ប្រទេស និងកងជីវពលនារីក្លាហាន ដែលបានក្រោកឡើងបណ្ដេញ​អាណានិគមនិយមបារាំងដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិរបស់ខ្លួនមក ហើយដែលគេអាច​ឃើញមានសល់​នូវបទចំរៀង​រាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។ ហើយ​ក៏ប្រហែល​នៅ​ក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេស ដូចជាពាក្យថា រាំ «ឡាំថូន”» ឬ ឡក «ឡាំថូន» (ថូន=ស្គរ) ត្រូវខ្មែរយក​មកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះ​ទីតាំង​ក្នុងព្រៃជ្រៅៗតំបន់ភ្នំដងរែក តំបន់ឱរ៉ាល់ ភ្នំក្រវាញ តំបន់​ភាគឦសាននៃប្រទេស (អាចចងសម្ព័ន្ធ​ជាមួយឥស្សរៈលាវ) ឬតំបន់សមុទ្រ​ក្ដីច្រើននាំគ្នាលេងរាំវង់ដោយប្រើតែស្គរ​ដៃ​មួយប៉ុណ្ណោះ និង​ចម្រៀងដែលមានលក្ខណៈងាយស្រួលក្នុងការកម្សាន្តទៅតាមកាលៈទេសៈនៃការតស៊ូ និងការ​រស់នៅ​ដោយយកព្រៃជ្រៅធ្វើជាមូលដ្ឋានបង្អែក។

សូមបញ្ជាក់ថា ស្គរដៃនេះ ជាស្គរនៃវង់ភ្លេងអារក្ខ វង់ភ្លេងប្រជាប្រិយ ឬភ្លេងការរបស់​ជន​ជាតិ​ខ្មែរដែលមាន​កំណើតជាយូរណាស់មកហើយ។ តាំងពីពេលស្រុកខ្មែរបានឯករាជ្យមក (នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣) ក្រោមព្រះ​រាជកិច្ចដឹកនាំនៃ ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ប្រទេស​ជាតិ និងប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ធ្វើ​ឲ្យរបាំប្រជា​ប្រិយ រាំវង់ និងរាំក្បាច់​នេះ ​រីកច​ម្រើន​យ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេ​រាំ​ជាមួយ​វង់ភ្លេងខ្មែរ​ដែល​មានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ជាច្រើនផ្សេងៗទៀត រហូតដល់ក្លាយ​ជាវង់តន្ត្រី​សម័យ​យ៉ាងទំនើប ដែលយើងឃើញសព្វថ្ងៃនេះស្រាប់។

 

២-របៀបសម្ដែងរបាំរាំវង់

ដូចបានជម្រាបខាងលើមកហើយថា របាំរាំវង់  គឺជារបាំប្រជាប្រិយខ្មែរ មានលក្ខណៈ​ងាយ​ស្រួល ងាយចេះ

ងាយចាំ ទាំងក្បាច់ក្បូរ ទាំងការប្រើដៃ ជើង ក និងចង្កេះ។ ឯចង្វាក់វិញ មិន​យឺត​ពេក ហើយក៏មិនញាប់ពេកដែរ បើស្ដាប់សំឡេងស្គរដៃគឺឮ «ប៉ាក់ ពើង ប៉ាក់ (ៗ)» ឬក៏ «តាក់ ទីង តាក់ (ៗ)» យ៉ាងនេះ។ ក្នុងពេលរាំ ទាំងស្រីទាំងប្រុសត្រូវបោះជំហានឆ្វេងស្ដាំ​ទៅមុខ ដោយស្រី​រាំ​នៅពីមុខ ប្រុសរាំនៅពីក្រោយបន្តគ្នាឬពេលខ្លះរាំកៀងគ្នា ឬខ្លះជំរុញឲ្យ​ប្ដូរគូ​ក៏មាន។ ឯដៃត្រូវ «ជីប» ពីក្រោមហើយលើកចំពីមុខទៅ «លា» ខាងលើ…បញ្ច្រាសគ្នា ឆ្វេងម្ដង​ស្ដាំម្ដង ហើយលៃដៃ និងជើងនោះ ក៏ឲ្យបញ្រ្ចាសគ្នាផងដែរ គឺបើឈានជើងស្ដាំទៅមុខ ត្រូវលើក​ដៃឆ្វេង ហើយ​បើ​ឈាន​ជើងឆ្វេងទៅមុខវិញ ត្រូវលើកដៃស្ដាំវិញ។ល។ ជួនកាលគេរាំ​ធ្វើដំណើរ​ទៅមុខបីជំហាន រួចគោះជើងមកខាងក្រោយ «មួយ» ក៏មាន ហើយចេះតែបន្តយ៉ាងនេះជារង្វង់​មូលរហូតទៅ។ ចង្វាក់ភ្លេងរាំវង់ ជាទូទៅពេលចាប់ផ្ដើមច្រើនតែស្ថិតនៅក្នុងចង្វាក់នឹង ឬស្មើធម្មតា លុះជិត​ចប់បទនីមួយៗក្រុមតន្ត្រីច្រើនតែប្រគំរន្ថើនឡើងៗ «ញាប់ឡើងៗ» រហូតដល់ចប់។

៣-របៀបសម្ដែងរបាំរាំក្បាច់

ចំណែកខាងរបាំរាំក្បាច់វិញ ក៏មានលំនាំប្រហាក់ប្រហែលគ្នានឹងក្បាច់រាំវង់ដែរ គឺដៃត្រូវ «ជីប» ពីក្រោមហើយវាសលើកឡើងខ្ពស់រួច «លា» នៅខាងលើ ខាងឆ្វេងម្ដង ខាងស្ដាំម្ដងប្ដូរវេណគ្នា  ដោយលៃឲ្យបញ្រ្ចាសគ្នានឹងជើង និងជើងដែលបោះខ្វែងគ្នាឈានទៅមុខនោះផង ពោលគឺ បើបោះ​ជើងស្ដាំឈានទៅមុខខ្វែងជើងឆ្វេងដែលទ្រទម្ងន់ដងខ្លួន ដៃឆ្វេងដែល «ជីប» ពីក្រោមត្រូវ​វាស​លើកខ្ពស់ឡើងលើត្រឹមចុងចិញ្ចើម ហើយ «លា» ទៅខាងឆ្វេងវិញ។ លុះដល់ឈានជើង​ឆ្វេង​ទៅ​មុខខ្វែងនឹងជើងស្ដាំដែលទ្រទម្ងន់ដងខ្លួនវិញនោះ ដៃស្ដាំដែល «​ជីប» នៅខាងក្រោម​ត្រូវលើក​ឡើង​ខ្ពស់រួច «លា» នៅខាងស្ដាំវិញម្ដង ធ្វើចលនានេះក្នុងដំណើររាំឈានទៅមុខជារង្វង់មូល ដូចរាំវង់​ដែរ ខុសតែចង្វាក់នោះយឺតជាង គឺបើស្ដាប់ស្គរឃើញ «តាក់-តាក់ ទីង-ទីង (ៗ)» ឬ «ប៉ាក់ ប៉ាក់ ពើង ពើង (ៗ)» យ៉ាងនេះ។ ឯការតុបតែងលំអទីសម្រាប់រាំវិញមានលក្ខណៈសាមញ្ញបំផុត គឺមានតែ​ទីលានស្អាត និងតុដាក់ផ្កាមួយដែលគេចាត់ទុកជាចំណុចកណ្ដាលប៉ុណ្ណោះ។ ប៉ុន្តែសម័យថ្មីនេះ ឃើញគេមានតុបតែងលំអភ្លើងអគ្គិសនី ឬអ្វីផ្សេងៗទៀតទៅតាមភាពសម្បូ​របែបរបស់​កន្លែងនីមួយៗ​ផងដែរ។ សូមបញ្ជាក់ថា របាំរាំក្បាច់ ទោះបីចង្វាក់យឺតជាងរាំវង់ក៏ដោយ ប៉ុន្តែចលនាទៅមុខ ជារង្វង់មូលមិនខុសពីរបាំរាំវង់ឡើយ។

សូមជម្រាបថា នៅក្នុងប្រភេទសិល្បៈរបាំប្រជាប្រិយនៅប្រទេសខ្មែរ គឺក្រៅពីរាំវង់ និងរាំក្បាច់ ដែលជារបាំមូលដ្ឋានរបស់ជនជាតិខ្មែរនោះនៅមានរបាំ «ឡាំលាវ» និង «សារ៉ាវ៉ាន់» ថែមទៀត ដែលមានប្រជាប្រិយភាពធំធេង ហើយមានការនិយមរាំជាមួយរាំវង់ និងរាំក្បាច់ជានិច្ចនោះផង។ ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំសារ៉ាវ៉ាន់នេះ ជាឥទ្ធិពលរបស់សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជាក្នុងឋានៈជាមិត្តភ័ក្តិ និងជា​បង​ប្អូន និងជាអ្នកភូមិផងរបងជាមួយ ហើយត្រូវបានជនជាតិខ្មែរនិយមរាប់អានយ៉ាងក្រៃលែង។ ឯសារ៉ាវ៉ាន់​វិញ គឺជាឈ្មោះខេត្តមួយរបស់ប្រទេសលាវជាប់គ្នា​និងខេត្តអាត់តៈ​ពើ ហើយស្ថិតនៅ​មិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែងនៃប្រទេសខ្មែរ។

                                                             សារ៉ាវ៉ាន់
                                              ឡាំលាវ

ចំណែកពេលវេលា ឬពិធីដែលរបាំប្រជាប្រិយសម្ដែងវិញ គឺមានលក្ខណៈ​ទូលំទូលាយ​ណាស់ ជាទូទៅគេច្រើនរាំក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទូទាំងប្រទេស ហើយមាន​កន្លែង​ខ្លះ ឬភូមិស្រុកខ្លះគេរាំលេងសប្បាយជាច្រើនអាទិត្យមុនចូលឆ្នាំនិងក្រោយចូលឆ្នាំទៀតផង ដូចជានៅភូមិអន្លង់រមៀតក្នុងខេត្តកណ្ដាល ស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ពីរាជធានីភ្នំពេញ​នេះជា​ដើម។ ហើយគេរាំលេងកម្សាន្តក្នុងពិធីអាពាហ៍ពិពាហ៍មង្គលការកូនប្រុសស្រី ពិធីជប់លៀង ពិធី​បុណ្យតាមគ្រួសារ ឬរាំកែកម្សាន្តពេលជួបជុំញាតិមិត្តជិតឆ្ងាយ ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយពេលបំពេញពលកម្មនានាថែមទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញរបាំប្រជាប្រិយ រាំវង់ រាំក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ ត្រូវ

បានគេនិយមរាំលេងនៅតាមរង្គសាលនានា លាយ​ចម្រុះជាមួយនឹងក្បាច់របាំបរទេសរៀងរាល់រាត្រីផងដែរ។

៤-អត្ថន័យរបាំរាំវង់

ទស្សនៈយល់ដឹងអំពីសិល្បៈប្រជាប្រិយខ្មែរ ដែលរាំជារង្វង់មូល ហើយប្រើកាយវិការ និង​ក្បាច់ដៃ «ជីប» ពីក្រោមហើយលើកឡើង «លា» នោះវិញ មានមតិភាគច្រើនយល់ថា នោះគឺជា​ការបង្កើតសាមគ្គីភាពរវាងគ្នានិងគ្នាផង ការបង្ហាញសុភមង្គលក្នុងជីវិតខ្មែរផង និងជានិមិត្ត​រូប​រង្វង់នៃជីវិត ដែលត្រូវតែមានពលកម្មដាំដុះផលដំណាំសាចុះសាឡើងបន្តជានិច្ចនិរន្តរ៍​មិនចេះ​ចប់ដើម្បីទ្រទ្រង់ជីវិត និងការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូល (បន្តវេន) នៃធម្មជាតិនិង​មនុស្ស ពិសេស គឺពូជពង្សត្រកូលខ្មែរតែម្ដង។

តាមឯកសារស្រាវជ្រាវរបស់លោក ពេជ្រ ទុំក្រវិល យើង​អាច​និយាយ​ជា​រួម​ឡើងវិញ​ថា យើង​ពុំ​អាច​មាន​មន្ទិល

សង្ស័យ​ទៅ​លើ​ប្រការ​នេះ​បានឡើយ នោះ​គឺ​អត្ថន័យ​ស៊ីជម្រៅនៃ​ចំណុច​ស្នូលកណ្តាល វង់​ ឬ​រង្វង់​មូល ដែល​មនុស្ស​ខ្មែរ​បុរាណជឿជាក់ថា ជាការ​ចាប់ផ្តើម​ឡើង​នូវ​អ្វីៗ​ទាំងអស់ ពីព្រោះ​រាល់​សកម្មភាព ​ឬ​ថាមពល​ទាំងអស់ជុំវិញ​នៃ​ពិភពលោក គឺ​សុទ្ធតែ​ផ្តើមឡើង​ពី​ចំណុចកណ្តាល​នេះឯង ហើយ​បន្ទាប់មក​ក៏​បាន​រីក​រាលដាល​ធំ​ទៅៗ ដោយ​មាន​សណ្ឋាន​ជា​ក្បាច់​គូថ​ខ្យង ហើយ​នៅ​ទីបញ្ចប់​ក៏​គ្របដណ្តប់​ទូទាំង​ចក្រ​វា​ឡ​យ៉ាង​ឆាប់រហ័ស។ គឺ​ក្នុង​ករណី​នេះ ការ​រាំ​ជា​វង់ៗ ​ឬ​រង្វង់​មូល ត្រូវបាន​គេ​ចាត់ទុកថា ជាដើម​ហេតុ​នៃ​ឥទ្ធិពលប្រកប​ដោយ​លក្ខណៈ​ពិសិដ្ឋ​អស្ចារ្យ មិន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្វី ដែល​គេ​ធ្លាប់មាន​ក្នុង​ផ្នត់គំនិត គឺ​ដំណើរ​នៃ​វិញ្ញាណ​ដែរ។ តាមពិតទៅ តាម​កាយវិការ​នេះ គេ​ចង់​បង្ហាញ​ពី​គោលបំណង​របស់​គេ ហើយ​នេះ​ក៏​ជា​ជំហាន​ទី​មួយ​នាំ​ទៅកាន់ សេចក្តីសុខ​សប្បាយ​ ឬ​សិរី​មង្គល។ មូលហេតុ​ដែល​ខ្មែរ​រាំវង់ គឺ​ពិតជា​ផ្តើមចេញពី​ទស្សនៈ​ខាង​លើ​នេះ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ គឺ​ដោយសារតែ​ជំនឿ​សាសនា​យ៉ាង​ប្រាកដ។តែ​សំខាន់បំផុតដែល​យើង​ត្រូវ​កត់ត្រា របាំ​រាំវង់​ ដែល​ជា​ទម្លាប់​បាន​ក្លាយទៅជា ទស្សនៈ​ទម្លាប់​ប្រពៃណី​ប្រជាជាតិ​ខ្មែរ ហើយ​ត្រូវបាន​ប្រារព្ធ​រហូត​ដល់​សព្វថ្ងៃ ៕

រៀបរៀងដោយលោក ប៉ោ សេដ្ឋា    

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

និស្សិតជប៉ុន ចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា

តាមហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា និស្សិតជប៉ុនចំនួន៦រូប បានចាប់ផ្តើមចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា។ សាកលវិទ្យាល័យកាណាហ្សាវ៉ា និងសាកលវិទ្យាល័យកូម៉ាត្សឹ បានបញ្ជូននិស្សិតរបស់ខ្លួនដើម្បីចុះកម្មសិក្សារយៈពេល​២សប្តាហ៍នៅអាជ្ញាធរជាតិអប្សរារៀងរាល់ឆ្នាំ។