Home / កសិកម្ម / បទពិសោធន៍ដាំខ្ញីក្នុងការុង

បទពិសោធន៍ដាំខ្ញីក្នុងការុង

                ការដាំខ្ញីនៅក្នុងការុង

លោកពូ កែប ចន អាយុ៤១ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសោធន៍ក្នុងការដាំខ្ញីក្នុងការុងទទួលបានជោគជ័យ ដោយក្នុងមួយការុងបានផល ១​,៥គីឡូក្រាម ។ ចំណុចសំខាន់ដែលធ្វើឲ្យគាត់ទទួលបានលទ្ធផលល្អ គឺស្ថិតនៅលើការលាយដីបានល្អ ទើបអាចធ្វើឲ្យមើមខ្ញីចុះបានច្រើន និងដើមថ្លោស។ 

                   ការប្រមូលផលខ្ញីពីក្នុងការុង

ចំពោះបទពិសោធន៍នៃការដាំខ្ញីនៅក្នុងការុងមានបង្ហាញជូនដូចខាងក្រោម៖

១. ធាតុផ្សំសំខាន់ៗក្នុងការលាយដី

          ដើម្បីឲ្យការលាយដីបានល្អសម្រាប់យកទៅដាំដុះដំណាំបានគឺ៖

  • ដីស្រទាប់លើ ឬដីដំបូក ២ភាគ
  • ធ្យូងអង្កាម ២ភាគ
  • ជីកំប៉ុស្តគោក ៣ភាគ។

២. វិធីលាយ

          ដីស្រទាប់លើ ឬដីដំបូក (វាយបំបែកឲ្យល្អិត) ធ្យូងអង្កាម និងជីកំប៉ុស្ត យកសារធាតុទាំងអស់នេះ មកច្របល់បញ្ចូលគ្នាឲ្យសព្វ។ យកវត្ថុធាតុដើមមកច្រកចូលទៅក្នុងការុង (ការុងលីឡុង ឬបាវស៊ីម៉ងត៍) ឲ្យបានកំពស់ ១,៥តឹក រួចយកការុងទៅតំរៀបគ្នានៅត្រង់កន្លែងដែលយើងចង់ដាក់ដាំ។

៣. របៀបដាំ និងការថែទាំ

          គាត់យកមើមខ្ញីចាស់ ទៅដាក់ដាំនៅចំកណ្តាលការុង ២មើមក្នុងមួយការុង ហើយលុបដីពីលើ និងសង្កត់ឲ្យណែន រួចស្រោចទឹកពីលើឲ្យជោគ។ កំឡុងពេលពុំទាន់ដុះពន្លក គាត់ស្រោច​ទឹកមួយថ្ងៃពីរដង (ពេលព្រឹកនិងពេលល្ងាច) តែ​​មិនស្រោចឲ្យជោគខ្លាំងទេ គឺមួយសើមដីតែប៉ុណ្ណោះ។ រយៈពេលពី ៤ទៅ៥ថ្ងៃ ខ្ញីចាប់ផ្តើមដុះពន្លក គាត់បន្ថយការស្រោចទឹកមកមួយថ្ងៃម្តងវិញ។

                          ការដាំខ្ញីនៅក្នុងការុង

៤. ផលប្រយោជន៍នៃការលាយដីដាំដំណាំក្នុងការុង.

មូលហេតុដែលគាត់ធ្វើរបៀបនេះ៖

  • ត្រូវការទឹកតិចអាចដាំបាននៅរដូវប្រាំង និងនៅរដូវវស្សាមិនជាំទឹក
  • ដាំបានគ្រប់រដូវកាល
  • កូនដំណាំលូតលាស់លឿន
  • អាចដាំវានៅក្រោមដើមឈើធំៗបានដោយមិនបារម្ភមានឫសឈើធំស្រូបដណ្តើមជីជាតិពីវា។

៥. ការប្រមូលផល

          ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ខែ គឺគាត់អាចដកមើមខ្ញីទៅបរិភោគឬលក់បានដោយក្នុងមួយការុងគាត់អាចដាំបានមើមពី ១ ទៅ ១,៥គីឡូក្រាម។ ហើយការដាំនេះគាត់ដាំតិចតូចសំរាប់បរិភោគក្នុងគ្រួសារប៉ុណ្ណោះ ក៏ដូចជាការសាកល្បងផងដែរ។

៦. ចំណាប់អារម្មណ៍

          លោកពូមានចំណាប់អារម្មណ៍ថា ការដាំខ្ញីនៅក្នុងការុង វាមានលក្ខណៈងាយស្រួលមិនពិបាកក្នុងការថែទាំឡើយ ហើយក៏មិនរើសទីកន្លែងដាំដុះដែរ អាចដាំដុះនៅកន្លែងណាក៏បាន។ ប៉ុន្តែចំណុចពិសេសនៃការដាំនេះ គឺត្រូវយកចិត្តទុកដាក់ទៅលើការលាយដីឲ្យបានល្អ ទើបអាចទទួលបានមើមច្រើន។

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការដាំខ្ញីក្នុងបាវស៊ីម៉ងត៍ ឬការុងមាន៖

  • លាយដីស្រទាប់លើជាមួយធ្យូងអង្កាម និងជីកំប៉ុស្ត
  • យកដីដែលបានលាយហើយច្រកចូលទៅក្នុងបាវ ឬការុងកំពស់ ១​​,៥តឹក
  • យកមើមខ្ញីចាស់ៗទៅកប់ដាំនៅក្នុងការុង និងសង្កត់ឲ្យណែន
  • ស្រោចទឹកឲ្យសើមៗមួយថ្ងៃពីរដងនៅពេលខ្ញីមិនទាន់ដុះពន្លក និងបន្ថយមកមួយថ្ងៃម្តងវិញនៅពេលខ្ញីដុះពន្លក៕

ស៊ិន  អង្គារសាធ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។