
ប្អូន ប៉ាត់ សារឿន ជាកសិកររស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្អូនមានបទពិសោធន៍ក្នុងការបណ្ដុះផ្សិតអំបោះ ទទួលបានលទ្ធផលល្អ។បច្ចេកទេសបណ្តុះផ្សិតអំបោះនេះគាត់ចេះមកពីការបណ្ដុះបណ្តាល និង ការអានឯកសារ រួមជាមួយគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ មុខរបរបណ្ដុះផ្សិតនេះអាចធ្វើឲ្យជីវភាពរបស់គាត់មានការរីកចម្រើន ដោយគាត់អាចរកប្រាក់ចំណូលបន្ថែមបានខ្លះសម្រាប់គ្រួសារ។ ក្នុងមួយថ្ងៃគាត់បេះផ្សិតបានពី ៥ ទៅ១០គីឡូក្រាម។ ក្នុង ១គីឡូក្រាម លក់បានតំលៃ ៣.៥០០រៀល ទៅ ៤.០០០រៀល។ បទពិសោធន៍នៃការអនុវត្តនេះមានបង្ហាញជូនដូចខាងក្រោម។
១. សារធាតុផ្សំ
សារធាតុផ្សំសម្រាប់ធ្វើផ្សិតអំបោះមាន៖

- ចំបើងស្ងួត ២០០គីឡូក្រាម
- ថង់សម្រាប់ច្រកទំហំ ១គីឡូក្រាម
- ខ្សែសម្រាប់ចងមាត់ថង់ និងកងជ័រ
- កន្ទក់លេខមួយ ២០គីឡូក្រាម
- កំបោរស ១គីឡូក្រាម
- ស្ករស ២គីឡូក្រាម
- ម្សៅដំណើប ១គីឡូក្រាម
- ម៉ាស្ទិច ១គីឡូក្រាម (ទិញកន្លែងលក់គ្រឿងសំណង់)។
២. របៀបផ្សំ
- យកចំបើងទៅត្រាំទឹករយៈពេល ៦ម៉ោង រួចកាប់ចិញ្ច្រាំវាឲ្យល្អិត បន្ទាប់មកយកទៅច្របល់ឲ្យសព្វជាមួយកន្ទក់ កំបោរស ស្ករស ម្សៅដំណើប ម៉ាស្ទិក កន្ទក់លេខ១ រួចផ្អាប់រយៈពេល ៧ថ្ងៃ
- ច្រកសារធាតុផ្សំនោះចូលទៅក្នុងថង់ដោយអុកឲ្យណែន រួចយកទៅចំហុយរយៈពេល ៦ម៉ោង
- ក្រោយពីចំហុយហើយ ត្រូវយកមកដាក់សំដិលឲ្យត្រជាក់រក្សាទុករយៈពេល ១ថ្ងៃ
- បន្ទាប់មកយកមេផ្សិតដាក់ចូលទៅក្នុងថង់បណ្ដុះ។
ចំពោះការដាក់មេមាន ២របៀបគឺ៖
របៀបទី១. យកកូនឫស្សីបុកចូលក្នុងថង់បណ្ដុះ រួចដាក់មេផ្សិតចូលតាមរន្ធនោះ។

របៀបទី២. រោយមេផ្សិតឲ្យពេញមាត់ថង់ រួចចងមាត់ថង់ឲ្យជាប់។ ការដាក់មេផ្សិតតាមរបៀបទី
១ ប្រើអស់តិចជាងរបៀបទី២។
- នៅពេលដាក់មេផ្សិតចូល ត្រូវចងមុង ឬស្បៃព័ន្ធជុំវិញដើម្បីជៀសវាងកុំឲ្យរុយ ឬធូលីចូល។ ចំពោះអ្នករោយមេផ្សិត ត្រូវសំអាតខ្លួនឲ្យបានស្អាតជាមុននិងប្រើចង្កៀងអាល់កុលដុតសំលាប់មេរោគ មុននឹងឆ្កឹះមេផ្សិតដាក់ចូលទៅក្នុងថង់ល្បាយ
- យកថង់បណ្ដុះដែលដាក់មេផ្សិតរួច ទៅរៀបដាក់នៅក្នុងរោងសំរាប់បណ្ដុះផ្សិត ដើម្បីបន្ទំវារយៈពេល ២០ថ្ងៃ។
៣. ការរៀបចំធ្វើរោង និងតំរៀបថង់
រោងបណ្ដុះផ្សិតត្រូវធ្វើដំបូលប្រក់ពីស្លឹក ដើម្បីរក្សាឲ្យអាកាសធាតុនៅក្នុងរោងត្រជាក់។
រោងមានទំហំទទឹង៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ អាចដាក់ថង់សម្រាប់បណ្ដុះផ្សិតបានចំនួន ៥០០ថង់។ ក្នុងនោះគាត់រៀបជាជួរចំនួន ២ជួរ ក្នុងមួយជួរតំរៀបបាន ២៥០ថង់។
៤. ការថែទាំ
ក្រោយពីរៀបចំដាក់ថង់បណ្ដុះចងព្យួរនៅក្នុងរោងហើយ គាត់ធ្វើការស្រោចទឹក ២-៣ដង ក្នុងមួយថ្ងៃដោយប្រើទុយោបាញ់ (ព្រឹក ថ្ងៃត្រង់ និងល្ងាច)។ ការស្រោចទឹកនេះដើម្បីជម្រុញឲ្យផ្សិតឆាប់មានកម្លាំង និងអាចដុះលូតលាស់លឿន។ ក្រោយពេលបេះប្រមូលផលម្តងៗ គាត់បានធ្វើការសំអាតមាត់ថង់ដើម្បីកុំមានដង្កូវ ទើបការដុះលើកក្រោយៗបានល្អ។

៥. ការប្រមូលផល
រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅតាមមេផ្សិត។ ក្រោយពីដាក់បន្ទុំក្នុងរោងមាន រយៈពេល ២០ថ្ងៃ ផ្សិតចាប់ផ្តើមដុះកូន និងរយៈពេល ២៨ ទៅ ២៩ថ្ងៃ អាចប្រមូលផលបាន។ ក្នុងមួយថង់គាត់បេះផ្សិតបានចំនួន ១ ទៅ ២ខាំ។ ក្នុងមួយថ្ងៃបើផ្សិតដុះស្រុសល្អគាត់បេះបាន ៥ ទៅ ១០គីឡូក្រាម ក្នុង៥០០ថង់ ប៉ុន្តែបើដុះមិនស្រុសល្អទេ បេះបានត្រឹម ៣ ទៅ ៤គីឡូក្រាមប៉ុណ្ណោះ។ រីឯតម្លៃលក់បាន ៣.៥០០រៀលទៅ ៤.០០០រៀលក្នុងមួយគីឡូក្រាម។
៦. ចំណាប់អារម្មណ៍
ប្អូនមានប្រសាសន៍ថា ការបណ្ដុះផ្សិតដំបូង គឺគាត់ធ្វើឲ្យខូចអស់ ៣ឆ្នាំង ដែល

គិតជាទឹកប្រាក់អស់ចំនួន ៤៥ម៉ឺនរៀល។ ក្រោយពីបរាជ័យ គាត់ក៏រៀនពីបរាជ័យនេះរហូតទទួលបានជោគជ័យវិញ។ ដូចនេះទៅថ្ងៃមុខ គាត់ព្យាយាមធ្វើការបណ្ដុះផ្សិតនេះឲ្យបានច្រើនថង់ដោយមិនតិចជាង ១.០០០ថង់ឡើយ ពីព្រោះរាល់ថ្ងៃនេះ គាត់បណ្ដុះផ្សិតបានតិចពេក។ ហើយការបណ្ដុះផ្សិតវិញ គឺមិនចំណាយ កម្លាំងពលកម្មថែទាំច្រើនរាល់ថ្ងៃនោះទេ។
សរុបមកបទពិសោធន៍សំខាន់ៗក្នុងការបណ្ដុះផ្សិតមាន៖
- រៀបចំរោងសម្រាប់បណ្ដុះផ្សិតដែលដំបូលប្រក់ស្លឹកដើម្បីរក្សាអាកាសធាត់ឲ្យត្រជាក់
- ត្រៀមសម្ភារៈ និងវត្ថុធាតុដើមសម្រាប់ដាក់បណ្ដុះដូចជា ចំបើង កន្ទក់ និងកំបោរ…
- ច្របល់វត្ថុធាតុដើមចូលគ្នាឲ្យសព្វ រួចច្រកដាក់កង និងយកថង់ផ្សិតទៅចំហុយរយៈ ពេល ៦ម៉ោង
- លើកយកចេញនូវថង់ផ្សិតចំហុយ ទុកឲ្យត្រជាក់ រួចដាក់មេផ្សិតចូល
- បន្ទុំផ្សិតរយៈពេល ២០ថ្ងៃ មុនលើកថង់ទៅចងព្យួរ
- ថែទាំស្រោចទឹកមួយថ្ងៃ ២-៣ដង ក្រោយពីចងព្យួររួច៕

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការបណ្ដុះផ្សិតមាន៖
- រៀបចំរោងសម្រាប់បណ្ដុះផ្សិតដែលដំបូលប្រក់ស្លឹកដើម្បីរក្សាអាកាសធាត់ឲ្យត្រជាក់
- ត្រៀមសម្ភារៈ និងវត្ថុធាតុដើមសម្រាប់ដាក់បណ្ដុះដូចជា ចំបើង កន្ទក់ និងកំបោរ…
- ច្របល់វត្ថុធាតុដើមចូលគ្នាឲ្យសព្វ រួចច្រកដាក់កង និងយកថង់ផ្សិតទៅចំហុយរយៈ ពេល ៦ម៉ោង
- លើកយកចេញនូវថង់ផ្សិតចំហុយ ទុកឲ្យត្រជាក់ រួចដាក់មេផ្សិតចូល
- បន្ទុំផ្សិតរយៈពេល ២០ថ្ងៃ មុនលើកថង់ទៅចងព្យួរ
- ថែទាំស្រោចទឹកមួយថ្ងៃ ២-៣ដង ក្រោយពីចងព្យួររួច៕
ស៊ិន អង្គារសាធ និង ម៉ើ សុជា